លោកជំទាវ ប៉ាង ដានី ៖ សមត្ថកិច្ចជំនាញ ត្រូវវែកមុខចាប់ឲ្យជាប់ ចំពោះ ជនខិលខូច ដែលធ្វើសកម្មភាពលើការជួញដូរផ្លូវភេទ និងមនុស្ស!

ខេត្តកំពង់ចាម៖ គណៈកម្មាធិការខេត្ត ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នាព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ នេះ បានបើកកិច្ចប្រជុំត្រួតពិនិត្យ លទ្ធផលការងារប្រចាំ ឆមាសទី ១ ក្រោមវត្តមាន លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត និងជាអនុប្រធានគណៈកម្មាធិការខេត្ត ប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស និងជាប្រធានលេខាធិការដ្ឋាន ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ហៅកាត់ថា (គខបជ) ។ កិច្ចប្រជុំនេះ ធ្វើឡើងតាមរយៈ ប្រព័ន្ធ Video Zoom នៅសាលប្រជុំតូចសាលាខេត្ត ដោយមានការចូលរួម ពីក្រុមការងារជំនាញទាំង ៦ អាជ្ញាធរ សមត្ថកិច្ច ក្រុង ស្រុក និងមន្ទីរពាក់ព័ន្ធ ជាច្រើននាក់ ផងដែរ ។

លោកជំទាវ ប៉ាង ដានី មានប្រសាសន៍ថា នេះជាលើកទី ១ ដែលក្រុមការងារបានធ្វើកិច្ចប្រជុំ តាមរយៈ Video Zoom ។ ដូច្នេះ ទោះជាមានការលំបាកយ៉ាងណាក្ដី យើងទាំងអស់គ្នា ត្រូវតែខិតខំស្វែងយល់ទាំងអស់គ្នា និងរៀបចំនូវកម្មវិធីប្រជុំច្បាស់លាស់ ជារៀងរាល់ខែនីមួយៗ ផងដែរ ។

ដោយឡែក បន្ទាប់ពីការពិនិត្យ និងពិភាក្សាទៅលើរបាយការណ៍ប្រចាំឆមាសទី១ របស់គណៈកម្មធិការខេត្ត ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ក៏ដូចជា ការចូលរួមមតិ របស់សមាជិក សមាជិកា នៃអង្គប្រជុំ រួចមក លោកជំទាវអភិបាលរងខេត្ត ក្នុងនាម ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្ត ក៏បានថ្លែងអំណរគុណ ចំពោះ លោក លោកស្រី ជាប្រធាន អនុប្រធាន នៃអនុគណៈកម្មការ ប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស នៅតាមបណ្ដាក្រុង ស្រុក ទាំង ១០ ក៏ដូចជាក្រុមជំនាញទាំង ៦ ដែលបានខិតខំអស់ពីកម្លាំងកាយចិត្ត ដែលទទួលបានលទ្ធផលជោគជ័យ ជាបន្តបន្ទាប់មកនោះ ។

នាឱកាសនោះដែរ លោកជំទាវ ប៉ាង ដានី ក៏បានណែនាំដល់ លោក លោកស្រី ជាប្រធាន អនុប្រធាន នៃអនុគណៈកម្មការ ប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស នៅតាមបណ្ដាក្រុង ស្រុក ទាំង ១០ ក៏ដូចជាក្រុមជំនាញទាំង ៦ ត្រូវចូលរួមអនុវត្តតាមគោលការណ៍ទាំង ៥ចំណុច របស់ឯកឧត្ដមអភិបាលខេត្ត ។ ក្នុងនោះដែរ សមត្ថកិច្ចជំនាញ ត្រូវវែកមុខចាប់ឲ្យជាប់ ចំពោះ ជនខិលខូច ដែលធ្វើសកម្មភាពលើការជួញដូរផ្លូវភេទ និងមនុស្ស ។ ត្រូវពង្រឹងរចនាសម្ព័ន្ធគណៈកម្មការ តាមរយៈ ការប្រជុំក្រុមការងារ ដើម្បី ងាយស្រួលប្រមូលរបាយការណ៍ ។ ត្រូវពង្រឹង និងអន្តរាគមន៍បានទាន់ពេលវេលា ក្នុងជួយដល់ជនរងគ្រោះ ។

ទន្ទឹមនឹងនោះ មន្ទីរព័ត៌មាន អញ្ជើញជាវាគ្មិនចូលរួមកម្មវិធីសន្ទនាមតិ ទាក់ទងទៅនឹងការងារជួញដូរ ។ ដូចគ្នានោះដែរ មន្ទីរអប់រំ ធ្វើការផ្សព្វផ្សាយ តាមលទ្ធភាពផ្សេងៗ ជាពិសេស ការចូលរួម ជាវាគ្មិនចូលរួមកម្មវិធីសន្ទនាមតិ ឲ្យបានញឹកញាប់ ។ មួយផ្នែកទៀត សូមពន្លឿនរាល់ឯកសារ ដែលត្រូវបញ្ជូនទៅក្រសួង ដើម្បី ជៀសវាងការយឺតយាវ ដោយប្រការផ្សេងៗ ៕

ប្រភព៖ មន្ទីរព័ត៌មាន ខេត្តកំពង់ចាម

អត្ថបទដែលជាប់ទាក់ទង
Open

Close