លោក ឃួង ស្រេង សម្រេចបើកដំណើរការឡើងវិញ ចំពោះផ្សារឯកជន ដែលមានសណ្ដាប់ធ្នាប់ របៀបរៀបរយ និងអនាម័យ-បរិស្ថានល្អ នៅថ្ងៃស្អែកនេះ!

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ  បានចេញសេចក្ដីសម្រេចស្ដីពីការបើកដំណើរការឡើងវិញចំពោះផ្សារឯកជន ដែលមានសណ្ដាប់ធ្នាប់ របៀបរៀបរយ និងអនាម័យ-បរិស្ថាន ក្នុងមូលដ្ឋានរាជធានីភ្នំពេញ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១នេះ។

ប្រការ១ នៃសេចក្ដីសម្រេចនេះ រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់យ៉ាងដូច្នេះថា «ត្រូវបានអនុញ្ញាតឲ្យបើកដំណើរការផ្សារឯកជន ដែលមានសណ្ដាប់ធ្នាប់ របៀបរៀបរយ និងអនាម័យ-បរិស្ថាន ក្នុងមូលដ្ឋានរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១តទៅ លើកលែងតែផ្សារមិនរៀបរយ មិនត្រូវបានអនុញ្ញាតឲ្យបើកដំណើរការឡើយ ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលធ្ងន់ធ្ងរ នៃជំងឺកូវីដ១៩ ក្នុងសហគមន៍»។

បើទោះបីអនុញ្ញាតឲ្យបើកដំណើរឡើងវិញក៏ពិតមែន ប៉ុន្ដែរដ្ឋបាលរាជធានីភ្នំពេញ បានណែនាំដល់ម្ចាស់ផ្សារ ឬគណៈគ្រប់គ្រងផ្សារឯកជនទាំងអស់ ត្រូវអនុវត្តវិធានការរដ្ឋបាល និងវិធានការសុខាភិបាលឲ្យបានម៉ង់ម៉ាត់ជាទីបំផុត ដូចជារក្សាគម្លាត, ពាក់ម៉ាស់, កំណត់ចំនួនអតិថិជនចេញ-ចូលផ្សារ, ជៀសវាងការប្រជ្រៀតគ្នា ឬប្រមូលផ្ដុំមនុស្សច្រើន, ចាត់ឲ្យមានអ្នកវាស់កម្ដៅ និងស្គេន QR Code ជាដើម៕

ប្រភព៖​ អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស

ខាងក្រោមនេះ ជាសេចក្ដីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញ៖

អត្ថបទដែលជាប់ទាក់ទង
Open

Close