យ៉ាងហោច មនុស្សប្រមាណ ៤០០នាក់ មានការពាក់ព័ន្ធនឹងអ្នកមានវិជ្ជមានជំងឺកូវីដ-១៩ នៅផ្សារលើធំថ្មី ក្រុងសៀមរាប!

យោងតាម ផេក មន្ទីរព័ត៌មានខេត្តសៀមរាប បញ្ជាក់ថា សម្រាប់ព័ត៌មានបឋម យ៉ាងហោចមនុស្សប្រមាណ ៤០០នាក់ មានការពាក់ព័ន្ធនឹងអ្នកវិជ្ជមានជំងឺកូវីដ-១៩ នៅផ្សារលើធំថ្មី ក្រុងសៀមរាប និងឈានដល់ការសម្រេចបិទទាំងស្រុងរយៈពេល ១៤ថ្ងៃ ដោយសេចក្ដីសម្រេចរបស់រដ្ឋបាលខេត្តសៀមរាប នៅចាប់ពីថ្ងៃទី២៤ ខែមិថុនាឆ្នាំ២០២១នេះ។

តាមឱ្យដឹងពីឯកឧត្ដមវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីរសុខាភិបាលខេត្ដសៀមរាប បង្ហាញថា អាជីវករ នៅក្នុងផ្សារលើធំថ្មីនេះ ត្រូវបានរកឃើញវិជ្ជមានជំងឺកូវីដ-១៩ ជាច្រើននាក់ និងបានកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។ ក្នុងចំណោមអ្នកវិជ្ជមានទាំងនោះ ក៏មានម្នាក់ផងដែរ បានស្លាប់។

ឯកឧត្ដមវេជ្ជបណ្ឌិត ក៏បានបញ្ចាក់ផងដែរថា អ្នកវិជ្ជមានកូវីដ-១៩ទាំងនោះ មួយចំនួនជា អាជីវករលក់ចាប់ហួយ អ្នកប្រមូលថ្លៃអនាម័យ និងជាអ្នកមើលថែបន្ទប់ទឹកក្នុងផ្សារ រួមទាំងអ្នកដេរស្បែកជើងនៅខាងមុខផ្សារផងដែរ។ មកទល់ពេលនេះ អាជ្ញាធរកំពុងស្រាវជ្រាវ បុគ្គលមានទំនាក់ទំនង នឹងអ្នកប្រមូលថ្លៃអនាម័យ និងជាអ្នកមើលថែបន្ទប់ទឹក ដែលបានដើរទៅកន្លែងជាច្រើនក្នុងផ្សារ រួមនិងទីតាំងដទៃទៀត។

ឯកឧត្ដម បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលបានពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោលជាមួយអ្នកវិជ្ជមានខាងលើ ឬធ្លាប់ចូលតាំងខាងលើ ឬ ធ្លាប់បានចេញ-ចូលផ្សារលើត្រូវ នាំគ្នាធ្វើចត្តាឡីស័កតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត។

សូមជម្រាបថា គិតត្រឹមថ្ងៃទី២៣ម្សិលមិញនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ សរុបចំនួន៧០១នាក់ បានព្យាបាលជាសះស្បើយចំនួន ២០៧នាក់ ស្លាប់ចំនួន ៨នាក់ និង៤៨៦នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្ត និងវិទ្យាល័យដំដែកស្រុកសូទ្រនិគម៕

ប្រភព៖ ផេក មន្ទីរព័ត៌មានខេត្តសៀមរាប

អត្ថបទដែលជាប់ទាក់ទង
Open

Close