ប្រសើរខ្លាំងណាស់! សិស្សក្រីក្រប្រុសស្រី៦នាក់ ទទួលបានការយកចិត្តទុកដាក់ពី ស្នងការខេត្តបន្ទាយមានជ័យ!

ខេត្តបន្ទាយមានជ័យ៖  ឆ្លើយតបជាមួយភាពខ្វះខាតអំឡុងពេលជម្ងឺកូវីដ១៩កំពុងរាតត្បាត នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ ២០២១នេះ លោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានដឹកនាំប្រតិភូ ក្រុមការងារ សប្បុរសជន ចុះសួរសុខទុក្ខនិងនាំយកអំណោយទៅចែកជាសម្ភារះសិក្សា ថិវិកា និងកង់ ទៅចែកជូនដល់ពលរដ្ឋនិងសិស្សសាលានៅទីជនបទដែលកំពុងជួបការខ្វះខាតក្នុងជីវភាព ដែលពិធីនេះត្រូវបានធ្វើឡើងនៅលើបរិវេនសាលាបឋមសិក្សាឈូកជ្រៃ ក្នុងភូមិជ្រៃ ឃុំចង្ហា ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ អាជ្ញាធរភូមិឃុំ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សសរុបជាង១០០នាក់។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានមានប្រសាសន៍ថា ដោយមើលឃើញពីទុក្ខលំបាករបស់ប្រជាពលរដ្ឋ០៦គ្រួសារដែលមានកូនតូចៗក្នុងបន្ទុក កំពុងសិក្សា មាតាបិតាសិស្សជាកសិករ អំឡុងពេលកូវីតមិនអាចចេញទៅប្រកបរបរបាន ធ្វើឲ្យជីវភាពប្រចាំថ្ងៃជួបការខ្វះខាត និងប៉ះពាល់ដល់ការសិក្សារបស់កូនៗពួកគាត់ នៅថ្ងៃព្រហស្បតិ៍នេះលោកក៏បានដឹកនាំក្រុមការងារនាំយកអំណោយជាសម្ភារះ និងថវិកា របស់លោកជំទាវ អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ទៅចែកជូនដល់សិស្សានុសិស្សនៅឃុំចង្ហានោះតែម្តង។

លោកឧត្តមសេនីយ៍ស្នងការ បានថ្លែងបន្តថា (មានតែការសិក្សាទេ ដែលធ្វើឲ្យជីវភាពយើងរីកចម្រើន) កាលណាក្នុងភូមិស្រុកយើងមានធនធានមនុស្ស មនុស្សមានចំណេះដឹង យើងងាយក្នុងការ ធ្វើការងារ ប្រកបរបរចិញ្ចឹមជីវិត ក្មួយនឹងយល់ដឹងថាធ្វើអ្វីល្អ អ្វីអាក្រក់ អាចគេចផុតពីអំពើអបាយមុខ ការញៀនថ្នាំ និងការប្រព្រឹត្តអំពើល្មើសច្បាប់ផ្សេងៗជាដើម។ សូមក្មួយប្រឹងប្រែងរៀនសូត្រ បើទោះជាគ្រួសារយើងជួបការលំបាលក្នុងជីវភាពក៏ដោយ មិនត្រូវបោះបង់ការសិក្សាឡើយ ចំណេះវិជ្ជាគឺជាស្ពានអាចជួយឲ្យក្មួយមានអនាគតភ្លឺស្វាងនៅពេលអនាគត។

អំណោយដែលត្រូវចែកជូនរួមមាន ថវិកា កង់០៦គ្រឿង សម្ភារះសិក្សារួមមាន ប៊ិច១០០០ដើម សៀវភៅ១០០០ក្បាល ខ្មៅដៃ១០០០ដើម។ សម្រាប់សិស្សក្រីក្រប្រុសស្រី០៦នាក់ ក្នុង១នាក់ទទួលបានកង់០១គ្រឿង សៀវភៅ២០ក្បាល ប៊ិច៥០ដើម បន្ទាត់២០បន្ទះ និងថវិកា ៥ម៉ឺនរៀល លោកគ្រូអ្នកគ្រូ០៨នាក់ ក្នុង១នាក់ទទួលបានថវិកា ៥ម៉ឺនរៀល។កម្លាំងនគរបាលទាំងបីឃុំទទួលបាន៣០ម៉ឺនរៀល មេឃុំទទួលបាន១០ម៉ឺនរៀល។

បន្ទាប់ពីមានមតិសំណេះសំណាល លោកឧត្តមសេនីយ៍និងលោកជំទាវក៏បានឧមត្ថម្ភថវិកាផ្ទាល់ខ្លួនចំនួន២៨០ដុល្លារ និងសប្បុរសជនក៏បានចូលរួមឧមត្ថម្ភសម្ភារ:ថវិកាដើម្បីជួយដល់ការសាងសង់ក្លោងទ្វារសាលាបឋមសិក្សាចង្ហាផងដែរ។

អត្ថបទដែលជាប់ទាក់ទង
Open

Close