ខេត្តព្រះសីហនុ ៖ ដោយមានការចង្អុលដឹកនាំពីលោកឧត្តមសេនីយ៍ស្នងការ កម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌ បានសហការជាមួយកម្លាំងអន្តរាគមន៏ពិសេស កម្លាំងអធិការដ្ឋាននគរបាលក្រុង និងកម្លាំងប៉ុស្តិ៍នគរសង្កាត់លេខ ៤ ចុះទៅត្រួតពិនិត្យកន្លែងកើតហេតុ រួចធ្វើការហ៊ុំព័ទ្ធបរិវេណគុម្ពព្រៃម្តុំក្រោយផ្ទះជនរងគ្រោះដែលជនសង្ស័យសំងំលាក់ខ្លួន និងធ្វើការស្វែងរកជនសង្ស័យយ៉ាងចិត្តទុកដាក់ រហូតដល់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង១១ និង៣០នាទីព្រឹក សមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យនៅចំណុចអគារក្នុងព្រៃមួយកន្លែងក្បែរផ្ទះជនរងគ្រោះ ហើយបន្តស្វែងរកវត្ថុតាងអាវុធខ្លីដែលជនសង្ស័យបានបោះចោលពេលធ្វើសកម្មភាពរួច និងបានរកឃើញនៅចំណុចគុម្ពព្រៃម្តុំក្រោយផ្ទះជនរងគ្រោះ ។
សូមជម្រាបផងដែរថា កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ១៨ និង៤០នាទី មានករណីផ្ទុះអាវុធ នៅចំណុចក្រុមទី២៧ ភូមិ២ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បង្កដោយជនសង្ស័យជាប្តីបានប្រើអាវុធខ្លី បាញ់ទៅអតីតប្រពន្ធ បណ្តាលឲ្យត្រូវ១គ្រាប់ ចំទ្រូងខាងឆ្វេងរបួសធ្ងន់ ហើយជនសង្ស័យរត់គេចខ្លួនបាត់ ។
ជនរងគ្រោះឈ្មោះ ផង់ សុភាព ភេទស្រី អាយុ២៤ឆ្នាំ មុខរបរ លក់ដូរ មានទីលំនៅក្រុមទី ២៧ ភូមិ២ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ (បច្ចុប្បន្នកំពុងសម្រាកព្យាលនៅមន្ទីរពេទ្យរាជធានីភ្នំពេញ) ត្រូវជនសង្ស័យត្រូវ១គ្រាប់ ចំទ្រូងខាងឆ្វេងរបួសធ្ងន់ ។
ជនសង្ស័យឈ្មោះ ជា សុវណ្ណារ៉ា ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅក្រុមទី ២៧ ភូមិ២ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ជាអតីតប្តីរបស់ជនរងគ្រោះ ។
វត្ថុតាងចាប់យកបានរួមមាន ៖ កាំភ្លើងខ្លី១ដើមម៉ាក K54 ពណ៌ខ្មៅ ឈូសលេខ បង់១ និងគ្រាប់ចំនួន៦ ៕
បច្ចុប្បន្ន ជនសង្ស័យ រួមនឹងវត្ថុតាង បានបញ្ជូនមកកាន់ការិយាល័យផែនព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីបន្តនីតិវិធី ៕