គ្រាន់តែរឿងចឹងសោះ រំខានដល់ ស្នងការដែរ?

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានកិត្តិយសសូមឆ្លើយតបជូន គណនីហ្វេសបុកសុំមិនបញ្ចេញឈ្មោះ ដែលបានរាយការណ៍ក្នុងផេកហ្វេសបុក ស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានខ្លឹមសារថា ៖ ក្រុមគ្រួសារខ្ញុំបាទសូមគោរពលោកឯកឧត្តម ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ក្រុមគ្រួសារខ្ញុំបាទ រស់នៅក្នុងភូមិស្លាបតាអោន ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល ក្រុមគ្រួសារខ្ញុំបាទ សូមសំណូមពរដល់ ឯកឧត្តម ឈឿន សុចិត្ត ជាស្នងការនគរបាលខេត្តកណ្តាល ជួយរកដំណោះស្រាយចាត់វិធានការណ៍ អំពីករណីដើមដូង២ដើម កម្ពស់ជិត៣០ម៉ែត្រនៅជាប់ព្រំដីរបងផ្ទះគ្នា។

រាល់ពេលមានភ្លៀងខ្យល់ តែងតែធ្វើអោយដើមដូង ២ដើមហ្នឹង ធ្លាក់ផ្លែធ្លាក់ធាង មកលើដំបូលផ្ទះខ្ញុំបាទជាញឹកញាប់។

បញ្ហាខាងលើនេះដែរក្រុមគ្រួសារខ្ញុំបាទ បានជម្រាបជូនទៅអាជ្ញាធរដែនដីនៅក្នុងមូលដ្ឋាន អោយជួយកោះហៅ ម្ចាស់ផ្ទះ ម្ចាស់ដី មកពិភាក្សាគ្នាអោយជួយកាប់ដើមដូង២ដើមហ្នឹងចេញ ។

ព្រោះក្រុមគ្រួសារ របស់ខ្ញុំភ័យព្រួយបារម្ភ ខ្លាចថ្ងៃណាមួយខ្យល់បក់ដួលរលំដើមដូងសង្កត់មកលើផ្ទះ និងមនុស្ស ។

ក៏ប៉ុន្តែភាគីម្ខាងទៀត មិនយល់ព្រម និងមិនមានដំណោះស្រាយ អោយក្រុមគ្រួសារខ្ញុំបាទទៀត ។

ដូច្នេះដោយក្តីគោរពអំពីក្រុមគ្រួសារខ្ញុំបាទ សូមឯកឧត្តម ឈឿន សុចិត្ត ជាស្នងការនគរបាលខេត្តកណ្តាល ជួយចំណាយពេលដ៏មានតម្លៃ រកដំណោះស្រាយ និងរកយុត្តិធម៌ ជូនដល់ក្រុមគ្រួសារខ្ញុំបាទផងសូមគោរពអរគុណដល់ឯកឧត្តម។

ក្រោយពីទទួលបានព័ត៌មាននេះ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្ត បានបញ្ជាឲ្យលោកអធិការនគរបាលស្រុកកៀនស្វាយ ស្រាវជ្រាវករណីខាងលើ។

ជាលទ្ធផល៖ នៅថ្ងៃទី១៨ ខែ មិថុនា ឆ្នាំ២០២១ វេលាម៉ោង ៩:៣០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគគីរ សហការជាមួយអាជ្ញាធរ ភូមិ ឃុំ បានចុះដល់ទីតាំងខាងលើ ក្នុងភូមិស្លាបតាអោន ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាលបានជួបឈ្មោះ យឿន សារ៉េត ភេទស្រី អាយុ ៣៨ឆ្នាំ (ខ្មែរ) ជាអ្នកចាំដី ត្រូវជាក្មួយម្ចាស់ដី (ដោយម្ចាស់រស់នៅពេជ្រនិល ខេត្តកំពង់ស្ពឺ) ហើយបានទំនាក់ទំនងម្ចាស់ដីខាងលើ រួចម្ចាស់ដីបានឯកភាពឲ្យកាប់ដើមដូងចំនួន០២ដើមខាងលើនោះចេញដើម្បីកុំឲ្យមានគ្រោះថ្នាក់ជាយថាហេតុដល់អ្នកជិតខាង។

អាស្រ័យហេតុនេះ សូមសាធារណជន ដែលប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមមេត្តាជ្រាប៕

 

អត្ថបទដែលជាប់ទាក់ទង
Open

Close