រដ្ឋបាលខេត្តសៀមរាប កំណត់ “តំបន់លឿង” នៅភូមិអន្លង់ពីរ (ខាងជើងផ្លូវជាតិលេខ៦) ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ដែលមានការឆ្លងរាលដាល ជំងឺកូវីដ-១៩

រដ្ឋបាលខេត្តសៀមរាប សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា ក្នុងព្រឹត្តិការណ៍ការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍២០កុម្ភៈ នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ ខេត្តសៀមរាប បានរកឃើញការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅភូមិ

អន្លង់ពីរ ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ចំនួន៨ករណី ដែលករណីនេះគឺជាការឆ្លងក្នុងសហគមន៍ធ្ងន់ធ្ងរ។
ក្នុងចំណោមអ្នកវិជ្ជមានទាំង៨ករណីខាងលើ មានអ្នកវិជ្ជមានចំនួន១នាក់ ឈ្មោះ ឈីវ រ៉ាន់ ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរជាអ្នកលក់ភេសជ្ជ ប្រហិតចៀន នៅផ្ទះ ស្ថិតក្នុងភូមិអន្លង់ពីរ ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង និងមានការពាក់ព័ន្ធច្រើនជាមួយប្រជាពលរដ្ឋនៅក្នុងភូមិសាស្រ្តនេះ អ្នកបើករថយន្តដឹកទំនិញ និងកម្មករលើកទំនិញ(ទំនិញភាគច្រើនជាស៊ីម៉ង់)។

ដោយមានអាការៈគ្រុនក្ដៅខ្លាំង និងពិបាក-ដកដង្ហើម ក្រុមគ្រួសារបានបញ្ជូន លោក ឈីវ រ៉ាន់ ទៅមន្ទីរពេទ្យបង្អែកខេត្ត វេលាម៉ោង០១៖១៥នាទី ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ ហើយក្រុមគ្រូពេទ្យបានយកសំណាកស្រាវជ្រាវរកមេរោគកូវីដ-១៩ ទទួលបានលទ្ធផលវិជ្ជមាននៃជំងឺកូវីដ-១៩ ដោយស្ថានភាពធ្ងន់ធ្ងរ អ្នកជំងឺបានស្លាប់ នៅវេលាម៉ោង០២៖១០នាទី នៅថ្ងៃខែឆ្នាំដដែល។

ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាប សម្រេចកំណត់ តំបន់លឿង នៅភូមិអន្លង់ពីរ ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ដែលមានចែងអំពីកាតព្វកិច្ច និងករណីលើកលែង ដូចមានក្នុងសេចក្ដីសម្រេចរបស់រដ្ឋបាលខេត្ត ដែលនឹងចេញផ្សាយនាពេលបន្តបន្ទាប់ទៀត។

រដ្ឋបាលខេត្តសៀមរាប សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋ ដែលបានពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោល ជាមួយអ្នកវិជ្ជមានខាងលើ ឬបានចេញ-ចូលទីតាំងខាងលើ សូមរួសរាន់ធ្វើចត្តាឡីស័កតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួនឱ្យបានគ្រប់១៤ថ្ងៃ ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត ក្នុងករណីមិនអនុវត្តកាតព្វកិច្ចចត្តាឡីស័ក រដ្ឋបាលខេត្តនឹងចាត់វិធានការផ្លូវច្បាប់ចំពោះបុគ្គលទាំងឡាយណាដែលលើ្មសនឹងវិធានសុខាភិបាលនេះ។ ប្រសិនបើមានការប្រែប្រួលសុខភាព សូមផ្តល់ព័ត៌មានមកកាន់លេខទូរស័ព្ទ០១២ ៩៥៥ ៤៧៤/០៧៧ ៧៨៩ ០០៧ ដើម្បីក្រុមការងារចាត់វិធានការក្នុងការយកសំណាកធ្វើតេស្តស្រាវជ្រាវ។

រដ្ឋបាលខេត្តសៀមរាប សង្ឃឹមយ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមអនុវត្តឱ្យបានម៉ឺងមាត់ និងអនុវត្តនូវវិធានការការពាររបស់រាជរដ្ឋាភិបាល និងការណែនាំរបស់ក្រសួងសុខាភិបាល។

ទទួលបានសេចក្ដីប្រកាសព័ត៌មាននេះ ស្នងការនគរបាលខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្តមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងសៀមរាប ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកប្រាសាទបាគង មេឃុំត្រពាំងធំ អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ និងបងប្អូនប្រជាពលរដ្ឋ ត្រូវចូលរួមអនុវត្តប្រកាសនេះ ឱ្យមានប្រសិទ្ធិភាព និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។

 

អត្ថបទដែលជាប់ទាក់ទង
Open

Close