គ្រួសាររងគ្រោះដោយភ្លើងឆេះផ្ទះ នៅឃុំសេដ្ឋី ទទួលបានអំណោយពីអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកសាមគ្គីមានជ័យ
(កំពង់ឆ្នាំង)៖ នារសៀលថ្ងៃពុធ ៧កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១នេះ លោក វន ស៊ីផា ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាស្រុកសាមគ្គីមានជ័យ និងលោក ឈួន ចាន់ណា ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុក រួមជាមួយមន្ត្រីអនុសាខា បានចុះសួរសុខទុក្ខ និងនាំយកអំណោយជូនដល់គ្រួសាររងគ្រោះដោយភ្លើងឆេះផ្ទះ ចំនួន ១គ្រួសារ កាលពីព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ នៅភូមិវត្តសេដ្ឋី ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ។
ក្នុងឱកាសនៃការសួរសុខទុក្ខនេះ លោក វន ស៊ីផា បានពាំនាំនូវការផ្តាំផ្ញើការសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ឯកឧត្តម ឈួរ ច័ន្ទឌឿន ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង ឯកឧត្តម អម សុភា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង ដែលតែងតែយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់រូប ជាពិសេសប្រជាពលរដ្ឋដែលរងគ្រោះ និងងាយរងគ្រោះ ទោះនៅទីណាក៏ដោយ។
ជាទីបញ្ចប់លោកប្រធានបានមានប្រសាសន៍ផ្តាំផ្ញើ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ឲ្យជាប់ជាប្រចាំ ចំពោះគ្រោះមហន្តរាយដែលកើតអាចកើតឡើងជាយថាហេតុ និងសូមថែរក្សាសុខភាពឲ្យបានល្អ ដើម្បីឆាប់បានប្រកបរបរចិញ្ចឹមជីវិតឡើងវិញ ហើយកុំភ្លេចត្រូវអនុវត្តតាមវិធានការរបស់រាជរដ្ឋាភិបាល និងការណែនាំរបស់ក្រសួងសុខាភិបាល ៣ការពារ ៣កុំ ដើម្បីជៀសផុតពីជំងឺកូវីដ-១៩ ទាំងអស់គ្នា។
អំណោយដែលគ្រួសាររងគ្រោះទទួលបាន រួមមាន: អង្ករ ២៥គីឡូក្រាម, មី ១កេស, ត្រីខ ១០កំប៉ុង, ទឹកត្រី ១យួរ, ទឹកស៊ីអីវ ១យួរ, រណ្ដាប់ ១ឈុត (មុង, ភួយ, កន្ទេល, ឆ្នាំង, ចាន, ស្លាបព្រា, ចង្ក្រាន, បំពង់ទឹកក្ដៅ,…) និងថវិកាចំនួន ៦០ម៉ឺនរៀល (ក្នុងនោះ ថវិកាផ្ទាល់របស់លោក វន ស៊ីផា ចំនួន ៤០ម៉ឺនរៀល) ៕
ដោយ ៖ យីឈៀន