ព្រហើនណាស់! ហ៊ានដើរយកប្រាក់ ពីបងប្អូនប្រជាពលរដ្ឋ ដែលលក់ដូរលើចិញ្ចើមផ្លូវសាធារណៈផង!

ខេត្តព្រះសីហនុ ៖ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ៧ និង០០នាទីព្រឹក នៅតាមបណ្តោយផ្លូវបូរីកម្មករ ( ផ្លូវ CT ) ចាប់ពីចំណុចមុខគ្លីនិក ដើមស្វាយ ដល់មុខផ្សារពាណិជ្ឋកម្ម ស្ថិតនៅក្រុមទី១២ ភូមិ២ សង្កាត់លេខ២ ក្រុងព្រះសីហនុ មានករណី បុរសម្នាក់ឈ្មោះ ភាង កុសល ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរសន្តិសុខឯកជន (មុន្នីឯករាជ្យ) បច្ចុប្បន្នស្នាក់នៅក្រុមហ៊ុន សង្កាត់លេខ៤ ក្រុងព្រះសីហនុ បានដើរយកប្រាក់ពីបងប្អូនប្រជាពលរដ្ឋដែលលក់ដូរលើចិញ្ចើមផ្លូវសាធារណៈ។

ផ្អែកតាមការចម្លើយសារភាពរបស់ជនសង្ស័យបានអោយដឹងថាកន្លងមកគាត់ធ្លាប់បានដើរទារប្រាក់ពីប្រជាពលរដ្ឋក្នុងការលក់ដូរ តាមចិញ្ចើមផ្លូវបូរីកម្មករ ចាប់តាំងពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១ មកដល់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ បានប្រាក់ជាបន្តបន្ទាប់ ហើយបានពាក់អាវ និងមួកនគរបាល ព្រមទាំងអះអាងប្រាប់អ្នកលក់ដូរថាខ្លួនជាសមត្ថកិច្ចថែមទៀត។

យោងតាមការបំភ្លឺរបស់ប្រជាពលរដ្ឋ បានឲ្យដឹងថាជនសង្ស័យខាងលើ ដែលនគរបាលឃាត់ខ្លួននេះ រយ:ពេលកន្លងមក បានដើរយកប្រាក់ពីប្រជាពលរដ្ឋដែលលក់ដូរតាមចិញ្ចើមផ្លូវ តាំងពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១ រហូតដល់ ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ ក្នុងមួយថ្ងៃបាន១១.០០០រៀល ទៅ១៥.០០០រៀលក្នុង១កន្លែង ។
សូមបញ្ជាក់ជូនបន្ថែម ៖ កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ ជននេះធ្លាប់បានស្លៀកពាក់ឯកសណ្ឋានបន្លំធ្វើជានគរបាលនៅផ្សារពារណិជ្ជកម្ម ហើយត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពក្រុងព្រះសីហនុ បានចាប់នាំយកមកកាន់អធិការដ្ឋាននគរបាលក្រុង ដើម្បីធ្វើការអប់រំ និងចុះកិច្ចសន្យាឲ្យបញ្ឈប់សកម្មភាពបន្លំធ្វើជានគរបាលម្តងរួចមកហើយ។

បច្ចុប្បន្នជនសង្ស័យខាងលើកម្លាំងជំនាញបានធ្វើការឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដើម្បីកសាងសំណុំរឿងបញ្ចូនទៅសាលាដំបូងខេត្ត ចាត់ការបន្តតាមនីតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង
Open

Close