ឃាត់ខ្លួន ជនសង្ស័យ ៣នាក់ ករណី ជួញដូរគ្រឿងញៀន! 

បាត់ដំបង៖ កម្លាំងនគរបាលស្រុកសំពៅលូនសហការជាមួយនគរបាលស្រុកកំរៀង ឃាត់ខ្លួនបានជនសង្ស័យចំនួន៣នាក់និងវត្ថុតាងជាក់ស្តែងនៅវេលាម៉ោង៣ទៀភ្លឺថ្ងៃទី១០ ឈានចូលថ្ងៃទ១១ ខែមិថុនា ឆ្នាំ២០២១។

ជំហានដំបូងសមត្ថកិច្ចឃាត់ខ្លួនបានជនសង្ស័យចំនួន២នាក់ឈ្មោះ៖ ទី១-ឈ្មោះ ជួន ណារីន ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅក្នុងភូមិអូរដា ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ។

ទី២-ឈ្មោះ ស៊ុយ ពិសិទ្ធ ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅក្និងភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ត្រូវបានសមត្ថកិច្ចឃាត់បាននៅចំណុចភូមិអូរស្ងាត់ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង។

វត្ថុតាងដែលសមត្ថកិច្ចដកហូតបានមាន៖ថ្នាំញៀនចំនួន១ថង់ ប្រភេទតំហ្វតាមីន (ម៉ាទឹកកក) ទម្ងន់ ១០០,២៥ក្រាម ថ្នាំញៀន យ៉ាម៉ា ចំនួន២៨គ្រាប់ ទម្ងន់២,៤០ក្រាម ទូរស័ព្ទដៃ២គ្រឿង ម៉ូតូ២គ្រឿង ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ សេរីឆ្នាំ២០១៩ ១គ្រឿង ពាក់ស្លាកលេខ បាត់ដំបង 1AF-1706 និង១គ្រឿងទៀតម៉ាកEXCITER ពណ៌ខៀវ សេរីឆ្នាំ២០២០ (គ្មានស្លាកលេខ)។

យោងតាមចម្លើយសារភាពពីឈ្មោះ ជួន ណារីន ថាខ្លួនមានបក្ខពួកម្នាក់ទៀត ឈ្មោះ សែម សុខមាន ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង។

ដោយមានការសម្របសម្រួលនិតិវិធី ពីលោក កែវ សុជាតិ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង ទើបកម្លាំងនគរបាលស្រុកសំពៅលូន សហការ ជាមួយនគរបាលស្រុកកំរៀង ចុះឃាត់ខ្លួនបានជនសង្ស័យម្នាក់ទៀតដែលមានឈ្មោះ ខាងលើនៅវេលាម៉ោង១២និង០០នាទី នៅថ្ងៃ ខែ ឆ្នាំដដែល។

ក្រោយពេលឃាត់ខ្លួនជនសង្ស័យសមត្ថកិច្ចដកហូតបានវត្ថុតាងរួមមាន៖ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក) ចំនួន៧កញ្ចប់ ទម្ងន់ ១០៣៨,៧២ក្រាម ទូរស័ព្ទដៃ២គ្រឿង កាំភ្លើងខ្យល់១ដើម ជញ្ជីងថ្លឹងថ្នាំញៀន១គ្រឿង និងសម្ភារៈមួយចំនួនទៀត ថ្នាំញៀនសរុប មានចំនួន១១៣៨,៩៨ក្រាម។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានកម្លាំងនគរបាលស្រុកសំពៅលូន កសាងសំណុំរឿងបញ្ជូនទៅការិយាល័យបទល្មើសប្រឆាំង គ្រឿងញៀនខេត្តបាត់បង ដើម្បីបញ្ជូនជនសង្ស័យទាំង៣នាក់ ទៅសាលាដំបូងខេត្តបាត់ដំបងផ្តន្ទាទោសតាមផ្លូវច្បាប់៕

ដោយ ៖ សុខ កុសល

អត្ថបទដែលជាប់ទាក់ទង
Open

Close