ភ្នំពេញ៖ នារសៀលថ្ងៃទី១០ មិថុនា ២០២១ នេះ លោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ បានបញ្ជាក់ក្នុងគណនីហ្វេសប៊ុកផ្ទាល់ខ្លួនថា ៖ ខ្ញុំសូមថែ្លងអំណរគុណដល់បងប្អូនទាំងអស់គ្នា ដែលបានសំដែងនូវសមានចិត្ត តាមរយៈការជូនពរដល់រូបខ្ញុំឱ្យបានឆាប់ជាសះស្បើយឡើងវិញ។ ខ្ញុំក៏សូមអរគុណដល់បងប្អូនផងដែរ ដែលបានផ្តល់នូវការសរសើជាមួយនឹងមូលវិចារខ្ពស់ដល់រូបខ្ញុំ ចំពោះសកម្មភាពបំពេញការងារនាពេលកន្លងមក។
ឆ្លៀតពេលនេះ ខ្ញុំសូមជម្រាបជូនបងប្អូនទាំងអស់ ដែលកំពុងបារម្ភពីសុខភាពរបស់ខ្ញុំជ្រាបថា សុខភាពរបស់ខ្ញុំពេលនេះ គឺធម្មតាទេ ហើយខ្ញុំនឹងបានបម្រើបងប្អូនវិញក្នុងពេលឆាប់ៗនេះ។ សូមជូនពរបងប្អូនទាំងអស់គ្នា និងសូមកុំភ្លេច ៣ កុំ ៣ ការពារ !
បើយោងតាមមន្រ្តីសុខាភិបាល កាលថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១នេះ លោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ ត្រូវបានរកឃើញ វិជ្ជមានជំងឺកូវីដ ១៩ និងកំពុងសម្រាកព្យាបាលនៅផ្ទះរបស់លោក។ ។
ប្រភពដដែលបន្តថា លោក ហែម ដារិទ្ធ ត្រូវបានមន្ត្រីសុខាភិបាលរកឃើញវិជ្ជមានជំងឺកូវីដ១៩ កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១ ប៉ុន្តែស្ថានភាពសុខភាពរបស់លោក គឺមិនមែនអ្វីធ្ងន់ធ្ងរនោះទេ ។
ដោយឡែក ក្រុមគ្រួសារ របស់លោកទាំងមូល ដែលរស់នៅជាមួយ និងថ្នាក់ដឹកនាំ ព្រមទាំងមន្រ្តីមួយចំនួនទៀត ដែលធ្លាប់បានធ្វើការ និងទាក់ទងជាមួយរូបលោកនោះ មិនមានវិជ្ជមានកូវីដ១៩ នោះឡើយ ក្រោយធ្វើតេស្តរួចមក៕
សូមជម្រាបផងដែរថា ក្រោយ លោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យបង្ហោះហ្វេសប៊ុក ជូនដំណឹង ពីស្ថានភាពសុខភាពរបស់លោក គេឃើញ បងប្អូនប្រជាពលរដ្ឋ និង មន្ត្រីក្រោមឳវាទច្រើនលើសលប់ សម្តែងក្តីព្រួយបារម្ភ និងជូនពរ ដល់លោកអភិបាលខណ្ឌ ឆាប់បានជាស្បើយពីជំងឺ ដើម្បីវិលមកបំរើការងារក្នុងមូលដ្ឋានវិញ៕