ខេត្តកណ្តាល៖ អនុប្រធានពន្ធនាគារខេត្តកណ្តាល លោក ហឿន វណ្ណារិទ្ធ នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញលិខិតបកស្រាយក្រោយមានការផ្សាយបំផ្លើសបំភ្លៃថា គាត់និងមិត្តភក្តិច្រៀងលេងសប្បាយអឺងកង ក្នុងពន្ធនាគារ ខណៈកំពុងផ្ទុះជំងឺកូវិដ-១៩។
បើយោងតាមលិខិត លោក ហឿន វណ្ណារិទ្ធ ផ្ញើទៅប្រធានពន្ធនាគារខេត្តកណ្តាល បានបញ្ជាក់ថា គាត់និងមិត្តភក្តិ មិនបានផឹកស៉ី និងច្រៀងលេងសប្បាយអំឡុងពេលផ្ទុះជំងឺកូវិដ-១៩នោះទេ ពោលរូបភាពដែលមាននៅលើបណ្តាញសង្គម Facebook គឺជារូបភាពចាស់។
លោក ហឿន វណ្ណារិទ្ធ បានបញ្ជាក់ច្បាស់ថា៖ «អត្ថបទចេញផ្សាយអំពីខ្ញុំបាទ របស់សារព័ត៌មាន (…) ចុះកាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១ មានខ្លឹមសារបំផ្លើសមួលបង្កាច់ខ្ញុំបាទទាំងខ្លឹមសារ និងរូបភាពដោយគំនិតព្យាយាមសន្សំរូបភាពតាំងពីយូរបន្តបន្ទាប់នៅក្រៅពន្ធនាគារខ្លះនៅក្នុងពន្ធនាគារខ្លះ មកតំរៀបភ្ជាប់ជាមួយរូប ចុងក្រោយក្នុងពន្ធនាគារពេលដែលពន្ធនាគារជាតំបន់ក្រហម ដើម្បីបកស្រាយឲ្យរូបខ្ញុំក្លាយជាជនប្រព្រឹត្តល្មើសបទបញ្ជារបស់អង្គភាព ក្រសួង និងរាជរដ្ឋាភិបាលអំពីការជួបជុំហូបគ្រឿងស្រវឹង»។
លោក ហឿន វណ្ណារិទ្ធ បានបន្តទៀតថា ប៉ុន្មានឆ្នាំក្រោយនេះ ពិសេសក្រោយមានប្រពន្ធមានកូន មិនអាចហូបគ្រឿងស្រវឹងបានទេ បើយូរៗម្តងជួបមិត្តភ័ក្រក៏បានត្រឹមបន្តិចបន្តួច ក៏ឈប់ហើយ បារី ក៏ឈប់ដែរ។
ជាមួយគ្នានេះលោក ហឿន វណ្ណារិទ្ធ ក៏បានសម្តែងក្តីសោកស្តាយ ដែលសារព័ត៌មានខាងលើផ្សាយមូលបង្កាច់បង្ខូចគាត់បែបនេះ៕