៣នាក់ឪពុកកូន យកខ្សែចង ជនរងគ្រោះ ធ្វើទារុណកម្ម និងវាយបណ្តាលឱ្យបាក់កស្លាប់! ប៉ូលិស ឃាត់ខ្លួនបានហើយ!

ខេត្តស្ទឹងត្រែង៖ ករណីមនុស្សម្នាក់ ស្លាប់  នៅចំណុចទំនប់អូរពួក ស្ថិតនៅក្នុងភូមិសេសាន ឃុំកំភុន ស្រុកសេសានខេត្តស្ទឹងត្រែងត្រូវបានកម្លាំងជំនាញនគរបាលខេត្តសហការជាមួយនឹងកម្លាំងនគរបាលស្រុកសេសាន បានធ្វើការឃាត់ខ្លួនបុរស ជាជនសង្ស័យចំនួនបីនាក់ យកមកសួរនាំ ពីករណីធ្វើ ឃាតមនុស្ស។

លោក វរៈសេនីយ៏ឯក វ៉ា សុផាន់ស្នងការរងនគរបាលទទួលដឹកនាំផ្នែកព្រហ្មទណ្ឌបាន បញ្ជាក់ថា ជនសង្ស័យទាំង៣នាក់ដែលបានឃាត់ខ្លួននេះមាន៖

ទី១.ឈ្មោះ ស្រេង សែ ភេទប្រុសអាយុ៥០ឆ្នាំ (ឪពុក)។

ទី២. ឈ្មោះ លីម មេងលុង ភេទប្រុសអាយុ២៣ឆ្នាំ (កូន)។

ទី៣.ឈ្មោះ លីម មេងស្រុង ភេទប្រុសអាយុ១៩ឆ្នាំ (កូន) ។

ដែលបានយកខ្សែចងជនរងគ្រោះ ធ្វើទារុណកម្ម និងវាយបណ្តាលឱ្យបាក់ក រហូតដល់ស្លាប់ នៅវេលាម៉ោង២០និង១៨នាទី យប់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ ។

លោក ស្នងការរងបន្តថា ជនសង្ស័យទាំងបី មន្ត្រីជំនាញ នគរបាលបានសួនាំពីមូលហេតុនិងកសាងសំណុំរឿងបញ្ជូលទៅតុលាការខេត្តស្ទឹងត្រែង ដើម្បីអនុវត្តនិតិវិធីបន្តពីករណីបង្កឡើងនៅអំពើឃាតកម្មនេះ។

តាមសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋប្រជាពលរដ្ឋ បានឲ្យដឹងថា បុរសជាជនរងគ្រោះ (ស្លាប់) នេះបានដើរទៅធ្វើសកម្មភាពអុកឡុក នៅទីតាំងចំការ ជាកន្លែងចិញ្ចឹមសត្វពពែ និងមានការដេញវាយសត្វពពេរបស់ជនសង្ស័យទើបគេចាប់ចង និងវាយរហូតដល់ស្លាប។

ប្រជាពលរដ្ឋបានបញ្ជាក់ដែរថា ជនរងគ្រោះនោះ ឈ្មោះ ចាន់ បូវ៉ាន់អាយុ២៦ឆ្នាំ មានឪពុកឈ្មោះ ប៉ាន ចាន់ និងម្តាយឈ្មោះ ថៃខាំ រស់នៅភូមិស្រែតាប៉ាន-ឃុំសាមឃួយ ស្រុកសេសាន ខេត្តស្ទឹងត្រែង។

ក្រោយពីសមត្ថកិច្ចធ្វើកោសល្យវិច័យរួច បច្ចុប្បន្នសាកសពត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារនាំយកមកផ្ទះធ្វើបុណ្យតាមប្រពៃណី៕

ដោយ ៖ អ៊ុល គឹមលៀង

អត្ថបទដែលជាប់ទាក់ទង
Open

Close