ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ រួមដំណើរដោយឯកឧត្តម លោកជំទាវអភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ-អង្គភាពជុំវិញខេត្ត និងមន្ត្រីពាក់ព័ន្ធ អញ្ជើញប្រគល់រថយន្តដឹកសំរាម ០១គ្រឿងចំណុះ ៥តោន ដែលជាអំណោយរបស់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ជូនដល់រដ្ឋបាលស្រុកព្រៃឈរ។
បន្ទាប់មក ឯកឧត្តមបានបន្តចុះពិនិត្យ និងសួរសុខទុក្ខអ្នកធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័ករបស់រដ្ឋបាលស្រុកព្រៃឈរ ស្ថិតនៅបរិវេណវិទ្យាល័យ ហ៊ុន សែន ព្រៃទទឹង ឃុំជ្រៃវៀន ស្រុកព្រៃឈរ។
ឯកឧត្តមអភិបាលខេត្ត បានធ្វើការណែនាំដល់អាជ្ញាធរស្រុក ឱ្យបន្តអនុវត្តយ៉ាងម៉ឺងម៉ាត់សេចក្តីណែនាំរបស់រដ្ឋបាលខេត្ត ក្នុងការអនុវត្តវិធានការរដ្ឋបាល ដើម្បីទប់ស្កាត់ការឆ្លងរីករាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍ និង ត្រូវបន្តយកចិត្តទុកដាក់ គ្រប់គ្រងចំណូលស្រុក និង អ្នកដែលសង្ស័យវិជ្ជមានកូវីដ-១៩ ដោយនាំយកសំណាក និងដាក់ឱ្យធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័ករបស់រដ្ឋបាលស្រុក ហើយត្រូវបន្តស្រាវជ្រាវរកអ្នកដែលបានប៉ះពាល់ដោយផ្ទាល់ ដោយប្រយោល និង អ្នកវិជ្ជមានកូវីដ-១៩ នាំយកអ្នកជំងឺកូវីដ-១៩ ដើម្បីនាំយកទៅព្យាបាលឲ្យបានទាន់ពេលវេលា៕