អភិបាលខេត្តត្បូងឃ្មុំ នាំយកថវិកាជាង៣០លានរៀល ទៅប្រគល់ជូនគ្រួសារសពមន្ត្រីយោធា ដែលស្លាប់ដោយសារអ្នកជំងឺកូវីដ១៩ញៀនថ្នាំវាយ នាអំឡុងពេលបំពេញការងារយាមនៅមន្ទីរពេទ្យបង្អែកស្រុកពញាក្រែក

(ត្បូងឃ្មុំ)៖ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១នេះ បានដឹកនាំប្រតិភូរដ្ឋបាលខេត្តអញ្ជើញគោរពវិញ្ញាណក្ខន្ធសពមន្ត្រីយោធា ដែលស្លាប់ដោយសារអ្នកជំងឺកូវីដ១៩ញៀនថ្នាំវាយ នាអំឡុងពេលបំពេញការងារយាមនៅមន្ទីរពេទ្យបង្អែកស្រុកពញាក្រែក ជាមន្ទីរពេទ្យព្យាបាលអ្នកជំងឺកូវីដ១៩ កាលពីល្ងាចថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ម្សិលមិញនេះ។

ក្នុងឳកាសនោះ ឯកឧត្តមបណ្ឌិត បានបានសម្តែងនូវការសោកស្តាយ និងបាននាំយកថវិការដ្ឋបាលខេត្ត រួមមានថ្នាក់ដឹកនាំខេត្ត មន្ទីរ អង្គភាព និងក្រុង-ស្រុក សរុបចំនួន ១៥,៥៦០,០០០រៀល ក្នុងនោះថវិកាឯកឧត្តមបណ្ឌិតផ្ទាល់ ២លានរៀល ទៅប្រគល់ជូនក្រុមគ្រួសារនៃសព ក៍ដូចជានាំយកថវិកាមួយចំនួនទៀតទៅប្រគល់ជូនរួមមាន ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ១០លានរៀល ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ចំនួន០៣លានរៀល ឯកឧត្តម វង សូត ចំនួន១លានរៀល ស្នងការនគរបាលខេត្ត ២លាន៦៧ម៉ឺនរៀល តំបន់ប្រតិបត្តិការសឹករកខេត្ត ២លានរៀល ក៍ដូចជាសាខាកាកបាទក្រហមខេត្ត ថវិកាចំនួន០២លានរៀល ព្រមទាំងអង្ករ១០០គីឡូ មី៤កេស ទឹកសុទ្ធ៣កេស ទឹកផ្លែឈើ២កេស ត្រីខ ២យួរ ទឹកត្រី១យួរ ទឹកស៊ីអ៊ីវវ១យួរ ប្រេងឆា២ដប។

តមកឯកឧត្តមបណ្ឌិត រួមទាំងប្រតិភូ បានបន្តចុះទៅពិនិត្យទៅតាំងចត្តាឡីស័កនៅស្រុកពញាក្រែក ដោយបានឧបត្ថម្ភលើកទឹកចិត្តដល់ក្រុមគ្រូពេទ្យចំនួន ២,៥០០,០០០រៀល និងកងកម្លាំងចំនួន១៥នាក់ ដែលចុះអន្តរាគមន៍ចាប់ជនល្មើសដែលបានសម្លាប់យោធា ដែលប៉ះពាល់ផ្ទាល់ត្រូវបានជាប់ធ្វើចត្តាឡីស័ក នូវថវិកាចំនួន ៦,៥០០,០០០រៀលផងដែរ។

អត្ថបទដែលជាប់ទាក់ទង
Open

Close