ខេត្តឧត្តរមានជ័យ៖ ដោយមានការចង្អុលបង្ហាញផ្ទាល់ ពី ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងការណែនាំពី ឯកឧត្តម ប៉ែន កុសល្យ ប្រធានគណៈបញ្ជាការឯកភាពខេត្តឧត្តរមានជ័យ និងមានការសម្របសម្រួលពី ឯកឧត្តម ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តឧត្តរមានជ័យ នៅយប់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តឧត្តរមានជ័យ បានដឹកនាំ កម្លាំងផែនជំនាញប្រឆាំងបទល្មើសគ្រឿងញៀនមានការចូលរួមពីកំលាំងប៉ុស្ដិនគរបាលរដ្ឋបាលអូរស្មាច់ ចុះបង្រ្កាបករណីជួញដូរគ្រឿងញៀន០១ ករណី នៅភូមិដើមជ្រៃ សង្កាត់អូរស្មាច់ ក្រុងសំរោង ឃាត់ខ្លួនជនសង្ស័យ ចំនួន៣ នាក់ (ប្រុស)
១-ឈ្មោះ អឹម រតនា ភេទប្រុស អាយុ ២៧ ឆ្នាំ រស់នៅភូមិគិរីមង្គល សង្កាត់អូរស្មាច់ ក្រុងសំរោង
២-ឈ្មោះង៉ែត រិទ្ធ ភេទប្រុស អាយុ២៩ឆ្នាំរស់នៅភូមិចំការចេក សង្កាត់អូរស្មាច់ ក្រុងសំរោង ។
៣-ឈ្មោះ ត្រាក់ ពិសី ភេទ ប្រុស អាយុ ៣៧ ឆ្នាំ រស់នៅបុស្ស សង្កាត់កូនគ្រៀល ក្រុងសំរោង ។
ដកហូតវត្ថុតាង: ម៉ាទឹកកកចំនួន០៣ កញ្ចប់ ស្មើនឹង ១២,៧២ ក្រាម រថយន្តចំនួន១ គ្រឿង ឧបករណ៍ជក់គ្រឿងញៀនមួយចំនួន ។
ករណីនេះបានបន្តស្រាវជ្រាវ រហូតដល់វេលាម៉ោង ១៨ និង៣០នាទី បានបន្តឃាត់ខ្លួន បក្ខពួកម្នាក់ទៀត ឈ្មោះ កៀង វ័ន ហៅ ឃ្លី ភេទ ប្រុស អាយុ៣៣ ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិអូរជញ្ជៀន ឃុំ-ស្រុកអន្លង់វែង (អនុវត្តន៍តាមដីកា) និងជាមុខសញ្ញាចាស់ចេញពីពន្ធនាគារ ពាក់ព័ន្ធប្រព្រឹត្តល្មើសជាច្រើនករណីដូចជានៅឆ្នាំ២០១៤ ធ្លាប់ជាប់ពន្ឋនាគារពីបទ កាច់សោរម៉ូតូយ៉ាងសកម្ម និងជួញដូរគ្រឿងញៀន និង ឆ្នាំ២០១៧ បានជាប់ពន្ឋនាគារម្ដងទៀត ករណី ជួញដូរគ្រឿងញៀន បន្ទាប់មក នៅយប់ ថ្ងៃទី១៨ ខែវិច្ឆិកាឆ្នាំ២០២០ បានធ្វើសកម្មភាព បាញ់ប្រហារ មកលើសមត្ថកិច្ចយើងធ្វើអោយរបួសនគរបាល ០១ នាក់ ហើយមានដីកាអោយនាំខ្លួន ពីបទ.ប៉ុនប៉ងឃាតកម្ម ប្រើប្រាស់អាវុធខុសច្បាប់ និងជួញដូរគ្រឿងញៀន ប្រព្រឹត្តនៅភូមិច្រោក ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ ។
ជនសង្ស័យទាំង៤ នាក់បានឆ្លើយសារភាពថា ៖ ខ្លួនពិតជាបានប្រព្រឹត្តអំពើល្មើសខាងលើពិតប្រាកដមែន បច្ចុប្បន្ន ជំនាញកំពុងរៀបចំសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ។