លម្អិត ករណី ហិង្សា រវាងសន្តិសុខឯកជន ជាមួយបុរសជាអ្នកដឹកជញ្ជូនទំនិញអនឡាញ ក្នុងតំបន់សេដកិច្ចពិសេសភ្នំពេញ!
នាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន បញ្ជាក់នៅថ្ងៃទី២២ ឧសភា ២០២១ នេះថា ៖ ថ្មីៗនេះ នាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ពិនិត្យឃើញលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកមានការផ្សព្វផ្សាយ និងចែករំលែកជាបន្តបន្ទាប់ពាក់ព័ន្ធនឹង សកម្មភាពប្រព្រឹត្តអំពើហិង្សា រវាងសន្តិសុខឯកជន ជាមួយបុរសជាអ្នកដឹកជញ្ជូនទំនិញ។
បន្ទាប់ពីទទួលបានព័ត៌មាននេះ ឧត្តមសេនីយ៍ឯក លឹម សុខារស្មី ប្រធាននាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន បានចាត់មន្ត្រីជំនាញ នៃនាយកដ្ឋានធ្វើការស្រាវជ្រាវ ស៊ើបបញ្ជាក់ និងសូមធ្វើការបំភ្លឺជូនសាធារណជន និងបណ្តាញសារព័ត៌មាន ដូចខាងក្រោម÷
-កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង១៩និង២០នាទី ឈ្មោះ អេង វណ្ណរ៉ា ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរ ជាអ្នកដឹកជញ្ជូនឥវ៉ាន់អនឡាញ បានជិះម៉ូតូចូលក្នុងតំបន់សេដកិច្ចពិសេសភ្នំពេញ ស្ថិតនៅភូមិកំរៀង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ (ជាតំបន់មានការឆ្លងរាលដាលនៃជំងឺកូវីដ-១៩) ដោយពុំបានទំនាក់ទំនងសុំការអនុញ្ញាតពីកំលាំងសន្តិសុខដែលមានភារកិច្ចឈរជើងការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពនៅតំបន់នោះឡើយ ។
ដោយពិនិត្យឃើញឈ្មោះ អេង វណ្ណរ៉ា បើកបរម៉ូតូចូលក្នុងបរិវេណសមត្ថកិច្ចទទួលខុសត្រូវរបស់ខ្លួន ទើបសន្តិសុខឯកជនឈ្មោះ សែម សុខណា ភេទប្រុស អាយុ៣៥ឆ្នាំ បានឃាត់ដើម្បីសួរនាំ និងមិនអនុញ្ញាតឲ្យចូលទៅក្នុងតំបន់ខាងលើនោះឡើយ ជាហេតុបង្កឲ្យកើតមានទំនាស់ពាក្យសំដី និងឈានដល់ប្រព្រឹត្តអំពើហឹង្សា ដោយបានប្រតាយប្រតប់គ្នាទៅវិញទៅមក បណ្តាលឲ្យមានរបួសស្នាមទាំងសងខាង ប៉ុន្តែមិនមានស្ថានភាពធ្ងន់ធ្ងរនោះទេ។
បន្ទាប់ពីកើតហេតុរួចមក ភាគីខាងក្រុមហ៊ុន និងសមត្ថកិច្ច បានធ្វើការសម្របសម្រួល នៅប៉ុស្តិ៍នគរបាលរដ្ឋបាលកន្ធោក ខណ្ឌកំបូល រាជធានីភ្នំពេញ ដោយភាគីទាំងសងខាងបានព្រមព្រៀងគ្នាដោយជម្រើសផ្សះផ្សាបញ្ចប់រឿងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលកន្ទោក ដោយមិនប្តឹងផ្តល់គ្នាបន្តទៀតនោះឡើយ ។
ទោះបីជាយ៉ាងណាក៏ដោយ មន្ត្រីជំនាញនៃនាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន បានចុះជួបជាមួយបុគ្គលិកសន្តិសុខឯកជនរូបនោះ ដើម្បីធ្វើការអប់រំ ណែនាំ និងធ្វើកិច្ចសន្យា ដោយមិនអនុញ្ញាតឲ្យបន្តសកម្មភាពប្រព្រឹត្តអំពើហឹង្សាលើប្រជាពលរដ្ឋទៀតនោះទេ គឺត្រូវបំពេញភារកិច្ចប្រកបដោយក្រមសីលធម៌វិជ្ជាជីវ: និងភាពអត់ធ្មត់ខ្ពស់បំផុត។
នាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសាធារណជន អ្នកសារព័ត៌មានដែលតែងតែផ្ដល់ព័ត៌មាន ដើម្បីជាមូលដ្ឋានសម្រាប់សមត្ថកិច្ចអនុវត្តវិធានការជំនាញ និងវិធានការច្បាប់ ក៏ដូចជាបន្សាបរឿងហេតុមួយចំនួនបានទាន់ពេលវេលា។