គណៈកម្មការសហគមន៍នេសាទ និងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំតាប៉ុន សហការគ្នាចុះចាប់គ្រឿងចក្រលួចឈូសឆាយដីព្រៃលិចទឹកក្នុងតំបន់៣
បាត់ដំបង៖កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំតាប៉ុន សហការជាមួយកម្លាំងគណៈកម្មការសហគមន៍នេសាទ ការពារនិងអភិរក្សក្នុងដែនជំរកត្រីតំបន់៣ បានចុះទៅឃាត់គ្រឿងចក្រចំនួនពីរគ្រឿងដែលកំពុងជីកទន្ទ្រានដីព្រៃ ចំណុចទំនាបចាន ស្ថិតក្នុងឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង កាលពីវេលាម៉ោង១១និង០០នាទី ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១។
អ្នកស្រី សឿម យាប់ មេឃុំ តាប៉ុន បានបញ្ជាក់ប្រាប់ភ្នាក់TNN ប្រចាំខេត្តបាត់ដំបងថា៖ក្រោយពេលសមត្ថកិច្ចឃាត់បានគ្រឿងចក្រ ចំនួនពីរគ្រឿង ក្នុងនោះមានត្រាក់ទ័រឈូសដី ១គ្រឿង អេស្ការវទ័រ១គ្រឿង បញ្ជូនយកទៅរក្សាទុកបណ្តោះអាសន្ននៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំតាប៉ុន ដើម្បីរៀបចំឯកសារប្រគល់ទៅនាយខណ្ឌរដ្ឋបាលជលផល ខេត្តបាត់ដំបង។
នៅវេលាម៉ោង១០និង៤០នាទីព្រឹក ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ លោកជួង សុភា នាយខណ្ឌរដ្ឋបាលជលផល ខេត្តបាត់ដំបង បានថ្លែងប្រាប់ក្រុមអ្នកយកព័ត៌មានថា៖ចំពោះករណីឃាត់គ្រឿងចក្រខាងលើ ស្ថិតក្នុងតំបន់អភិរក្ស ដូច្នេះលោកកំពុងតែប្រមូលឯកសារពាក់ព័ន្ធនិងភស្តុតាងជាក់ស្តែង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងចាត់ការបន្តទៅតាមនិតិវិធី៕ ដោយ ៖ សុខ កុសល