ពិធីប្រកាសតែងតាំង និងចូលកាន់មុខតំណែងជាផ្លូវការរបស់ប្រធានសាលាឧទ្ធរណ៍ភ្នំពេញ, ប្រធានសាលាដំបូងខេត្តកំពង់ស្ពឺ, ប្រធានសាលាដំបូងខេត្តកំពង់ឆ្នាំង ប្រធានសាលាដំបូងខេត្តព្រៃវែង និងព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រៃវែង
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ នេះ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រកាសតែងតាំង និងចូលកាន់មុខតំណែងជាផ្លូវការរបស់ប្រធានសាលាឧទ្ធរណ៍ភ្នំពេញ, ប្រធានសាលាដំបូងខេត្តកំពង់ស្ពឺ, ប្រធានសាលាដំបូងខេត្តកំពង់ឆ្នាំង, ប្រធានសាលាដំបូងខេត្តព្រៃវែង និងព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រៃវែង។ ពិធីនេះត្រូវបានរៀបចំឡើង ដោយគោរពយ៉ាងម៉ឺងម៉ាត់នូវវិធានសុវត្ថិភាពផ្នែកសុខាភិបាលនានា ដើម្បីបង្ការការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងបានកំណត់ចំនួនអ្នកចូលរួមតិចបំផុត ដោយអនុញ្ញាតឱ្យតែអ្នកដែលបានទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ គ្រប់ចំនួនដូសតែប៉ុណ្ណោះ ទើបអាចចូលរួមក្នុងពិធីនេះបាន។
សមាសភាពដែលត្រូវបានប្រកាសតែងតាំង និងចូលកាន់មុខតំណែងនៅក្នុងពិធីនេះរួមមាន ៖
១- ឯកឧត្តម សេង ស៊ីវុត្ថា អតីតអនុប្រធានសាលាឧទ្ធរណ៍ភ្នំពេញ ត្រូវបានតែងតាំងជាប្រធានសាលាឧទ្ធរណ៍ភ្នំពេញ ជំនួស ឯកឧត្តម យូ ប៊ុនឡេង ដែលត្រូវបានតែងតាំងជាអនុប្រធានតុលាការកំពូល។
២- ឯកឧត្តម ឡុង កេសភីរម្យ អតីតប្រធានសាលាដំបូងខេត្តកំពត ត្រូវបានតែងតាំងជាប្រធានសាលាដំបូងខេត្តកំពង់ស្ពឺ ជំនួស ឯកឧត្តម ហង់ ស៊ីថា ដែលត្រូវបានតែងតាំងជាប្រធានសាលាដំបូងខេត្តព្រៃវែង។
៣- ឯកឧត្តម គឹម រ័ត្នណារិន អតីតអនុប្រធាន សាលាដំបូងខេត្តកណ្តាល ត្រូវបានតែងតាំងជាប្រធានសាលាដំបូងខេត្តកំពង់ឆ្នាំង ជំនួស ឯកឧត្តម តេង រតនា ដែលត្រូវបានតែងតាំងជាប្រធានសាលាដំបូងខេត្តពោធិ៍សាត់។
៤- ឯកឧត្តម ហង់ ស៊ីថា អតីតប្រធានសាលាដំបូងខេត្តកំពង់ស្ពឺ ត្រូវបានតែងតាំងជាប្រធានសាលាដំបូងខេត្តព្រៃវែង ជំនួស ឯកឧត្តម កែ សាខន ដែលត្រូវបានចូលនិវត្តន៍។
និង ៥- ឯកឧត្តម គុជ គីមឡុង អតីតព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ត្រូវបានតែងតាំងជាព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តព្រៃវែង ជំនួស ឯកឧត្តម ប៊ូ ប៊ុន ហាង ដែលត្រូវបានតែងតាំងជាព្រះរាជអាជ្ញានៃមហាអយ្យការអមតុលាការកំពូល។
ថ្លែងក្នុងពិធីនេះ ឯកឧត្តមរដ្ឋមន្រ្តីបានសំដែងនូវការអបអរសាទរយ៉ាងកក់ក្តៅដល់ប្រធានសាលាឧទ្ធរណ៍ភ្នំពេញ, ប្រធានសាលាដំបូង និងព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូង ដែលទើបត្រូវបានតែងតាំងថ្មី និងផ្តល់ការណែនាំដល់ពួកគាត់ ឱ្យខិតខំយកចិត្តទុកដាក់ក្នុងការដឹកនាំស្ថាប័នតុលាការ និងស្ថាប័នអយ្យការប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងធានាឱ្យបាននូវសាមគ្គីភាពផ្ទៃក្នុង ព្រមទាំងកិច្ចសហការកាន់តែល្អប្រសើរជាមួយអាជ្ញាធរមានសមត្ថកិច្ច និងស្ថាប័នពាក់ព័ន្ធ សំដៅពង្រឹងការអនុវត្តច្បាប់ និងប្រសិទ្ធភាពនៃការផ្តល់សេវាយុត្តិធម៌ជូនប្រជាពលរដ្ឋ។
ជាមួយគ្នានេះ ប្រធានសាលាជម្រះក្តី និងអយ្យការអមសាលាជម្រះក្តី ត្រូវពង្រឹងនូវវិន័យការងារប្រចាំថ្ងៃរបស់ចៅក្រម ព្រះរាជអាជ្ញាដែលបម្រើការនៅក្នុងស្ថាប័នក្រោមសមត្ថកិច្ចរបស់ខ្លួន ជាពិសេសការគ្រប់គ្រងវត្តមានប្រចាំថ្ងៃឱ្យបានត្រឹមត្រូវ ហើយត្រូវចាត់វិធាននានាស្របតាមច្បាប់ចំពោះអ្នកដែលមិនគោរពវិន័យការងារ ជាពិសេសត្រូវអនុវត្តវិធានការដែលមានចែងក្នុងមាត្រា៥២ នៃច្បាប់ស្តីពីលក្ខន្តិកៈនៃចៅក្រមនិងព្រះរាជអាជ្ញា។
ទន្ទឹមនេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានក្រើនរំលឹកជាថ្មី ដល់ចៅក្រម ព្រះរាជអាជ្ញា មន្រ្តីតុលាការ និងមន្រ្តីរាជការទាំងអស់នៃសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ ត្រូវប្រកាន់ខ្ជាប់នូវភាពម៉ឺងម៉ាត់ក្នុងការអនុវត្តច្បាប់ និងគោរពឱ្យបានត្រឹមត្រូវតាមក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីធានាឱ្យការផ្តល់សេវាយុត្តិធម៌ជូនប្រជាពលរដ្ឋធ្វើឡើងបាន «លឿន ត្រឹមត្រូវ យុត្តិធម៌ និងមិនពុករលួយ» និងដើម្បីលើកកម្ពស់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់អង្គចៅក្រមបន្ថែមទៀត។