ភ្នំពេញ៖ ជនជាតិចិន ២នាក់ ពាក់ព័ន្ធករណី ជួញដូរគ្រឿងញៀនឆ្លងដែន ត្រូវបានកម្លាំងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ស្រាវជ្រាវឃាត់ខ្លួន និងដកហូតគ្រឿងញៀនជាង៧០គីឡូក្រាម។
ប្រតិបត្តិការឃាត់ខ្លួនក្រុមជនសង្ស័យបានធ្វើឡើងដោយអនុវត្តតាមបញ្ជា ឯកឧត្តម នាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម នាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយក មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។
ប្រភពពីមន្ត្រីមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានឱ្យដឹងថា កម្លាំងជំនាញបន្តការស៊ើបអង្កេតតាមជំនាញ លើករណីជួញដូរគ្រឿងញៀនឆ្លងដែនតាមផ្លូវគោក ឆ្លងកាត់កម្ពុជា ទៅវៀតណាម ដែលបានសហការបង្ក្រាបនៅខេត្តស្វាយរៀង កាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ ២០២១។
ប្រភពដដែលបន្តថា កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ ២០២១ វេលាម៉ោង១៩នឹង០៥នាទី កម្លាំងជំនាញរបស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន (ក១០) ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ សារី បុត្រសត្យា នាយករងមន្ទីរ និងលោកវរសេនីយ៍ឯក តឹក សូនី នាយការិយាល័យ ក១០ ព្រមទាំងដឹកនាំសម្របសម្រួលពី លោក សឿន មុនីរត្ន័ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបើកកិច្ចប្រតិបត្តិការ បន្តបង្រ្កាបករណីរក្សាទុក ជួញដូរគ្រឿងញៀនឆ្លងដែនតាមផ្លូវគោក នៅចំណុចទល់មុខផ្សារម៉ាតស៊ីផ្លេស ក្នុងបុរីប៉េងហួតបឹងស្នោ និងឆែកឆេរលំនៅដ្ឋានជនសង្ស័យ ផ្ទះលេខ២៧ ផ្លូវP10 បុរីប៉េងហួតបឹងស្នោរ ស្ថិតក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឃាត់ខ្លួនមេក្លោងឧក្រិដ្ឋជនគ្រឿងញៀន ចំនួន០២នាក់ៈ ទី១-ឈ្មោះ LIU JIC ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិចិន, ទី២-ឈ្មោះ CHAN HUNG FAI ភេទប្រុស អាយុ៥៨ឆ្នាំ ជនជាតិចិន
វត្ថុតាងដកហូតៈ ១.សារធាតុញៀនប្រភេទ អ៊ិចស្តាស៊ី(MDMA) ទម្ងន់៥២គ.ក ៧៦៨.៥០ក្រាម, ២. ហេរ៉ូអ៊ីន ចំនួន ៤៩ដុំ ស្មើទម្ងន់១៧គ.ក ២៩២.៥៩ក្រាម, ៣.មេតំហ្វេតាមីន(ICE) ១១.៧៩ក្រាម
ចាប់យកវត្ថុតាងគ្រឿងញៀន សរុប ៧០គ.ក ០៧២.៨៨ក្រាម។
មន្ត្រីមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បញ្ជាក់ថា ជនល្មើសទាំង២នាក់បានឆ្លងកាត់ការយកសំណាកធ្វើRapid Test រកជំងឺកូវីដមាន លទ្ធផល” អវិជ្ជមាន” ។ សមត្ថកិច្ចកំពុងបន្តសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ តាមចាប់មុខសញ្ញាពាក់ព័ន្ធ កំពុងរត់គេចខ្លួន បើកការស៊ើបអង្កេត បទល្មើសសម្អាតប្រាក់។
បច្ចុប្បន្ន សមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿង បញ្ជូនជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការ តាមនីតិវិធី ៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ