ពលរដ្ឋឆាតចូលផេកស្នងការ ថាមានកន្លែងកត់កន្ទុយលេខជាច្រើនកន្លែង! ខណៈសមត្ថកិច្ច ចុះទៅដល់ ពិតជាមានច្រើនមែន តែ..!
ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានកិត្តិយសសូមធ្វើការឆ្លើយតប ទៅនឹងប្រជាពលរដ្ឋ សុំមិនបញ្ចេញឈ្មោះ បានរាយការណ៍ក្នុងផេកស្នងការដ្ឋាននគរបាលខេត្តកណ្ដាល មានខ្លឹមសារថា៖ សូមគោរពលោកស្នងការ សូមជំរាបព័ត៌មាន នៅភូមិដំរីឆ្លង ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល នៅផ្សារកណ្ដាល មានកន្លែងកត់កន្ទុយលេខច្រើនតុ កត់នៅមុខផ្ទះក៏មាននៅក្នុងផ្សារក៏មាននិយាយទៅច្រើន ហើយនៅភូមិព្រែកខ្មែរ ក៏មានដែរ នៅផ្សារព្រែកខ្មែរក្នុងផ្សារមានកន្លែងកត់កន្ទុយលេខពីរបីតុក្នុងផ្សារនៅជាប់ខ្លោងទ្វារចូលវត្តភ្នំស្អាងហ្នឹងម៉ង ហើយតាមផ្ទះទល់មុខវត្តក៏មានដែរនិយាយទៅច្រើនម៉ង ខ្ញុំសូមមិនបញ្ចេញឈ្មោះទេ ខ្លាចប៉ះពាល់ប្រយោជន៍បុគ្គល សូមជួយសម្រួលផង អាណិតអ្នកផ្សងសំណាងណាស់លក់អ្វីបានតិចតួចប្រមូលចាក់កន្ទុយលេខអស់ៗ។
ក្រោយពីទទួលបានព័ត៌មាននេះភ្លាមដោយមានការចង្អុលបង្ហាញពីក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល អធិការនគរបាលស្រុកស្អាង បានបញ្ជាទៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្អាងភ្នំ ឲ្យចុះស្រាវជ្រាវរកករណីខាងលើដែលបងប្អូនប្រជាពលរដ្ឋបានរាយការណ៍មក។
ជាលទ្ធផល៖នៅថ្ងៃសៅរ៍ ៤កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័កព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ១៤និង៣២នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្អាងភ្នំ បាននស្រាវជ្រាវរកឃើញទីតាំងអ្នកកត់ឆ្នោត ចំនួន ០៦ទីតាំងរួមមាន៖
១.ឈ្មោះ អុល អេងលាក់ ភេទស្រី អាយុ៣១ឆ្នាំ មានទីលំនៅភូមិព្រែករុន ឃុំព្រែកគយ ទីតាំងផ្សារកណ្ដាល។
២.ឈ្មោះ ម៉េង ស្រីម៉ៅ ភេទស្រី អាយុ៣៣ឆ្នាំ មានទីលំនៅភូមិពាមសាលា ឃុំស្អាងភ្នំ ទីតាំងផ្សារថ្នល់បត់។
៣.ឈ្មោះ ផុន សុភ័ក្រ ភេទប្រុសអាយុ៤០ ឆ្នាំ មានទីលំនៅភូមិព្រែកខ្មែរ ឃុំស្អាងភ្នំ ទីតាំងផ្សារខ្លោងទ្វារ។
៤.ឈ្មោះ ប៉ែន វុទ្ធី ភេទប្រុស អាយុ ៥៨ឆ្នាំ មានទីលំនៅភូមិព្រែកខ្មែរ ឃុំ ស្អាងភ្នំ ទីតាំងផ្សារខ្លោងទ្វារ។
៥.ឈ្មោះ អុល សោភា ភេទស្រី អាយុ ៣៦ឆ្នាំ មានទីលំនៅភូមិព្រែករុន ព្រែកគយ ទីតាំងផ្សារព្រែកកណ្ដាល។
៦.ឈ្មោះ សេក ចាន់ធី ភេទស្រី អាយុ ៣១ឆ្នាំ មានទីលំនៅភូមិដំរីឆ្លង ឃុំស្អាងភ្នំ ទីតាំងផ្សារព្រែកកណ្តាល។
ចំពោះម្ចាស់ទីតាំងទាំង ៦ខាងលើ នគរបាលប៉ុស្តិ៍ធ្វើការសួរនាំឃើញថា សុទ្ធតែកត់ឆ្នោតខ្មែរមានអាជ្ញាប័ណ្ណត្រឹមត្រូវ ហើយ
សមត្ថកិច្ចយើងបានអប់រំណែនាំមិនឲ្យលួចកត់ឆ្នោតខុសច្បាប់នោះឡើយ។
អាស្រ័យហេតុនេះ សូមសាធារណជន ដែលប្រើប្រាស់បណ្តាញសង្គមមេត្តាជ្រាប៕