ខេត្តតាកែវ ៖ មានរឿងហេតុដ៍ហួសចិត្តមួយ ដែល ជនសង្ស័យ ២នាក់បងប្អូន ត្រូវបានឪពុកបង្កើតរបស់ខ្លួនរាយការណ៍ប្តឹង អោយកំលាំងនគរបាលប៉ុស្កិ៍រដ្ឋបាលធ្វើការចាប់ខ្លួន ភ្លាមៗ ខណៈពេលដែលជនសង្ស័យទាំង០២នាក់ បានផឹកស៊ីស្រវឹង រួចហើយក៏បាននាំគ្នាភ្នាល់ដោយ ដុតផ្ទះខ្លួនឯងចោល ។ហេតុការកូនផឹកស៊ីស្រវឹងភ្នាល់គ្នាដុតផ្ទះខ្លួនឯងអោយឆេះស្ទើអស់ទាំងស្រុងនេះ បានកើតឡើងកាលពីវេលាម៉ោង១២ និង៤០នាទីថ្ងៃត្រង់ ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ ក្នុងភូមិជាវប្តីខាងកើតឃុំតាអូស្រុកគីរីវង់ ខេត្តតាកែវ ។
ជនសង្ស័យជាបង និយាយថា បើឯងគ្រាន់បើ ទៅដុតផ្ទះអោយឆេះអស់ រួចយើងនាំគ្នាទៅនៅវត្តទាំងអស់គ្នា តែភ្លាមៗ នោះជនសង្ស័យជាប្អូនក៏បានងើបស្ទុះទៅយកដែកកេះទៅកេះដុតផ្ទះឆាបឆេះអស់ស្ទើទាំងស្រុង បើទោះបីជាមានបងប្អូនប្រជាពលរដ្ឋក្នុងភូមិនាំដងទឹកជួយពន្លត់យ៉ាងណាក៏មិនទាន់ដែរ គឺឆេះអស់នៅសល់តែស័ង្ហសី និងសរសរតែប៉ុណ្ណោះ ចំណែកជនសង្ស័យទាំង២នាក់ក៏ត្រូវកំលាំងនគរបាលបាននាំខ្លួនមកអធិការដ្ឋាននគរបាលស្រុកគីរីវង់ ដើម្បីកសាងសំណុំរឿងបញ្ជូនបន្តមកកាន់ការិយាល័យព្រហ្មទណ្ទកំរិតស្រាលខេត្តចាត់ការបន្ត ។
លោកវរសេនីយឯក យ៉ុគ សារ៉ាត់ អធិការនគរបាលស្រុកគីរីវង់បានអោយដឹងថា ក្រោយពីទទួលបានព័ត៌មានពីឪពុកថា មានករណីកូនៗផឹកស្រវឹងហើយដុតផ្ទះខ្លួនឯងឆេះអស់រួចមក លោកក៏បានរាយការជូនលោកស្នងការនគរបាលខេត្តរួចលោកក៏បានបញ្ជាមក និងមានការសម្របសម្រួលពីលោក ជីវ ចាន់តារា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត នោះកំលាំងយើង បានចុះចាប់ខ្លួនបានជនសង្ស័យចំនួន២នាក់ ប្អូនឈ្មោះ ម៉ុស ក្រង់ ភេទប្រុស អាយុ ២៦ឆ្នាំ រស់នៅភូមិឃុំខាងលើកត្រូវជាប្អូន នឹងជាអ្នកដុតផ្ទាល់ ហើយម្នាក់ទៀតមានឈ្មោះ ម៉ុស បុល ហៅតយ ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅផ្ទះជាមួយគ្នា ។
លោកអធិការនគរបាលស្រុកបានបន្តទៀតថា មុនពេលកើតហេតុជនសង្ស័យទាំង២នាក់បងប្អូនបានផឹកស៊ីជាមួយគ្នា អស់ស្រាថ្នាំប្រមាណជាង២លីត្រក៏បានបែកគំនិតដោយពួកគេបាននិយាយភ្នាល់គ្នាថា បើសិនជាយើងដុតផ្ទះចោលហើយនាំគ្នាទៅនៅវត្តភ្លាមៗ នោះជនសង្ស័យជាប្អូនស្ទុះទៅយកដែកកេះដុតផ្ទះអោយឆេះតែម្តង រួចឪពុកជនសង្ស័យក៏ខលរាយការណ៍អោយនគរបាលរួចនគរបាលក៏បានចាប់ខ្លួនបានតែម្តង ។
ជនសង្ស័យទាំង២នាក់ នៅចំពោះមុខកំលាំងនគរបាល បាននិយាយសារភាពថា ពួកគេពិតជាផឹកស្រាថ្នាំស្រវឹងរួចនិយាយភ្នាល់គ្នាដុតខ្លួនឯងពិតប្រាកដមែន ។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់ សមត្ថកិច្ចបានកសាង សំណុំរឿង ដើម្បីបញ្ជូនទៅសាលាដំបូងខេត្តតាកែវ ចាត់ការទៅតាមនិតិវិធីច្បាប់។
ដោយ ៖ បងខន