ស្លាប់ម្នាក់ រងរបួសធ្ងន់ស្រសាល ៤ នាក់ ខណៈរលំបាក់ផ្ទះសង្កត់លើ នៅស្រុកស្ទោង !

(កំពង់ធំ)៖ អាជ្ញាធរស្រុកស្ទោងបានឲ្យដឹងនៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១នេះថា យ៉ាងហោចណាស់មានមនុស្ស១នាក់បានស្លាប់ ២ នាក់របួសធ្ងន់ និង២ ទៀតនាក់របួសស្រាលក្នុងហេតុការណ៍ស្ទូចផ្ទះបណ្តាលឲ្យរលំបាក់សង្កត់ស្ថិតក្នុង ភូមិជីយោគ ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ ។

ឧបទ្ទវហេតុការណ៍នេះ បានកើតឡើងនៅចំណុចផ្ទះរបស់ឈ្មោះ លាត អ៊ាវ ភេទប្រុស អាយុ ៣៦ឆ្នាំ ករណីអ្នកស្លាប់និងរងរបួសខាងលើមានឈ្មោះ ដូចខាងក្រោម ៖

១.ឈ្មោះ ហ៊ា សុហ៊ុន ភេទប្រុស អាយុ១៨ឆ្នាំ ទីលំនៅភូមិជីមាស ឃុំម្សាក្រង ស្រុកស្ទោង ខេត្តកំពង់ធំ ជាកូនជាង (ស្លាប់នៅនឹងកន្លែងកើតហេតុ) ។

២.ឈ្មោះ ពិន ខុម ភេទប្រុស អាយុ៥២ឆ្នាំ ទីលំនៅ ភូមិស៊ីវុត្ថា ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ ជាមេការ (របួសធ្ងន់)។

៣.ឈ្មោះ ញឹក យ៉ាន់ ភេទប្រុស អាយុ៤៦ឆ្នាំ នៅភូមិម្សាក្រង ឃុំម្សាក្រង ស្រុកស្ទោង ខេត្តកំពង់ធំ ជាកូនជាង (របួសធ្ងន់)។

៤.ឈ្មោះ ឃឿន អិល ភេទប្រុស អាយុ២៩ឆ្នាំ ទីលំនៅភូមិ សំបួរត្បូង ឃុំម្សាក្រង ស្រុកស្ទោង ខេត្តកំពង់ធំ (របួសស្រាល)។

៥.ឈ្មោះ គី គន្ធា ភេទប្រុស អាយុ ៣២ ឆ្នាំ នៅភូមិម្សាក្រង ឃុំម្សាក្រង ស្រុកស្ទោង ខេត្តកំពង់ធំ ជាកូនជាង (របួសស្រាល) ។

ហេតុការណ៍ខាងលើនេះ បានកើតឡើង ពេលកំពុងដំណើរការស្ទូចផ្ទះ ក៏ស្រុតដី កាច់ជំទល់ រលំផ្ទះ សង្កត់តែម្ដង ។ ចំណែកឯជនរងគ្រោះដែលរងរបួសត្រូវបានយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកស្ទោង ចំពោះជនរងគ្រោះបាត់បង់ជីវិតត្រូវបានប្រគល់ជូន ទៅឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ។

ក្រោយពីទទួលបានហេតុការខាងលើនេះ លោកវរសេនីយ៍ឯក ទាន ប៉េង ស៊្រន ស្នងការរងទទួលការងារធនធានមនុស្ស បានដឹកនាំកម្លាំងអន្តរាគមន៍ចំនួន២៨ នាក់ទៅជួយសង្គ្រោះប្រជាពលរដ្ឋដែលកំពុងតែជួបគ្រោះថ្នាក់ដោយដួលរលំផ្ទះនោះ លោកក៏បានបញ្ជាក់បន្ថែមថា មូលហេតុ មកពីជាងកំពុងតែស្ទូចផ្ទះបណ្តាលឲ្យស្រុតដីកាច់ជំទល់រលំផ្ទះសង្កត់លើតែម្តង ៕

សម្រួលដោយ៖ រឿន សុវណ្ណារ៉ា

អត្ថបទដែលជាប់ទាក់ទង
Open

Close