បាត់ដំបង៖ យោងតាមបទបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោសាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបងនិងសម្របសម្រួលនិតិវិធីដោយលោកគឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញា នៃអាយ្យការអមសាលាដំបូងខេត្តបាត់ដំបង កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង១២និង៥២នាទីយប់ ការិយាល័យព្រហ្ឌទណ្ឌកំរិតស្រាលបានទទួលបណ្តឹងពីជនរងគ្រោះម្នាក់ឈ្មោះសុខ សីហា ភេទប្រុសអាយុ១៦ឆ្នាំ រស់នៅភូមិឡឥដ្ឋ សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ពាក់ព័ន្ធករណីហិង្សា គប់ដោយពូថៅនិងដុំថ្ម របួសក្បាលយ៉ាងដំណំ។
ករណីនេះបង្កឡើងដោយជនសង្ស័យចំនួន៣នាក់កាលពីវេលាម៉ោង១៣និង១០យប់ថ្ងៃទី៧ ឈានចូលថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២១ នៅចំណុចភូមិតាកុក ឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង។
បន្ទាប់មកកម្លាំងនគរបាលព្រហ្ឌទណ្ឌកំរិតស្រាលនិងកងអន្តរាគមន៍បង្ការ បង្ក្រាបនៃស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបងដឹកនាំដោយលោកវរសេនីយ៍ឯក ឈឿង គឹមសុង ប្រធានការិយាល័យព្រហ្មទណ្ឌកំរិតស្រាលតាមស្រាវនិងឃាត់ខ្លួនជនសង្ស័យមានឈ្មោះ៖ទី១-ចាន់ ប៊ុនធឿន ហៅលីន ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិសូភី១ សង្កាត់រតនៈ ក្រុងបាត់ដំបង ឃាត់ខ្លួនបាននៅវេលាម៉ោង៤និង៣០នាទី ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ ចំណុចសួនសម្តេចក្រឡាហោមស ខេង ស្ថិតក្នុងភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
ទី២-ឈ្មោះ ឡេ ឡេង ហៅអាឡុង ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅក្នុងភូមិព្រែកនរិន្ទ ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង ឃាត់ខ្លួនកាលពីវេលាម៉ោង៩និង១០ព្រឹក ចំណុចផ្ទះសំណាក់យីហោ (បូរមី)ស្ថិតនៅក្នុងភូមិវត្តគរ សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
ទី៣-ឈ្មោះ ឈុំ សម្បត្តិ ហៅបាត់ ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ឃាត់ខ្លួនបាននៅវេលាម៉ោង១និង១០នាទីរសៀល ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១។
វត្ថុតាងដែលសមត្ថកិច្ចដកហូតបានមាន៖ពូថៅដងឈើ ប្រវែង៤៥សង់ទីម៉ែត្រ ក្រៅពីនោះជនសង្ស័យយកដំថ្មគប់បន្ថែមទៅលើជនរងគ្រោះ។
លោកវរសេនីយ៍ឯកឈឿង គឹមសុង បានបញ្ជាក់ប្រាប់ក្រុមការងារTNNយើងថា៖ ចំពោះមូលហេតុដែលជនសង្ស័យទាំង៣នាក់គប់ទៅលើជនគ្រោះ ដោយសារជនរងគ្រោះមុខស្រដៀងក្រុមអ្នកលេងមួយក្រុមទៀតដែលជនសង្ស័យកំពុងតាមរក តែចៃដន្យគប់ចំអ្នកធ្វើដំណើរមិនដឹងរឿងនិងមិនដែលមានទម្នាស់ជាមួយនរណាម្នាក់ឡើយ។
បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងត្រូវបានកម្លាំងនគរបាលជំនាញរៀបចំសំណុំរឿងបញ្ជូនខ្លួនទៅសាលាដំបូងខេត្តបាត់ដំបងដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់៕
ដោយ ៖ សុខ កុសល