ជនរងគ្រោះដែលត្រូវគេវាយរហូតរលូតកូន ចាត់ទុកថាការដោះលែងជនសង្ស័យ ពីសំណាក់លោក សាយ ណូរ៉ា ជារឿងមហាអយុត្តិធម៌!
(ភ្នំពេញ)៖ ស្ត្រីរងគ្រោះឈ្មោះ ម៉ៅ សុភ័ន ៣០ឆ្នាំដែលត្រូវរងគ្រោះព្រោះជនសង្ស័យឈ្មោះ វ៉ន សំរ៉ស ហៅស្រស់ ភេទស្រី អាយុ ៤៥ឆ្នាំ វាយឲ្យរលូតកូន បានសម្ដែងក្ដីហួសចិត្ត ត្បិតខ្លួនពុំទាន់ទទួលយុត្តិធម៌ផង បែរជាលោក សាយ ណូរ៉ា ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ សម្រេចដោះលែងជនសង្ស័យឲ្យមានសេរីភាពវិញ។
ជុំវិញការដោះលែងជនសង្ស័យឈ្មោះ វ៉ន សំរ៉ស ហៅស្រស់ ខាងលើនេះ លោក សាយ ណូរ៉ា បានប្រាប់អ្នកសារព័ត៌មានថា៖ «សម្រេចឲ្យមានសេរីភាពឡើងវិញហើយដោយសារតែសមត្ថកិច្ចកសាងសំណុំរឿងមកមានភាពលំអៀងកាន់ជើងភាគីម្ខាងមិនឆ្លុះបញ្ចាំងអង្គហេតុពិតដែលបានកើតឡើងហើយបើតាមរបាយការណ៍សំយោគរបស់ប៉ុស្តិ៍ជ្រោយចង្វាររ៉ាយរ៉ាប់មកនោះ គឺភាគីដែលអះអាងថាជាជនរងគ្រោះដែលមិនចាប់ខ្លួនមកជាអ្នកប្រើហិង្សាលើអ្នកដែលត្រូវបញ្ជូនខ្លួនមុនរហូតមានរបួសច្រើនកន្លែងជាងទៀតផងទើបមកដល់អយ្យការគាត់ក៏បានដាក់ពាក្យប្ដឹងតបវិញ និងបានផ្ដល់ភស្តុតាងជារូបភាពស្នាមរបួសដែលសមត្ថកិច្ចមិនធ្វើការបញ្ជូនមកទេថតតែភាគីម្ខាងមានបិតបង់ស្អិតជាប់ក្បាលវាជារឿងអយុត្តិធម៍បំផុតមិនតែប៉ុណ្ណោះសមត្ថកិច្ចក៏បានសន្និដ្ឋានមកថាករណីនេះ គឺកើតឡើងដោយការប្រតាយប្រតប់គ្នារវាងស្រ្តីៗបណ្ដាលអោយរងរបួសស្រាលតែប៉ុណ្ណោះពុំមានករណីអ្នកណាប្រើហិង្សារហូតដល់រលូតកូនដូចការចុះផ្សាយសារពត៍មានខ្លះកន្លងមកនោះទេ។»
សូមជម្រាបថា មានករណីហិង្សាមួយបានកើតឡើងរវាងជនសង្ស័យឈ្មោះ វ៉ន សំរ៉ស ហៅស្រស់ និងជនរងគ្រោះឈ្មោះ ម៉ៅ សុភ័ន បានកើតឡើងកាលពីថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ នៅក្នុងបន្ទប់ជួលរបស់ជនរងគ្រោះស្ថិតនៅផ្ទះជួលពៅសុខុម បន្ទប់លេខ៤២ ភូមិកៀនឃ្លាំង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា នៅពេលកើតហេតុជនសង្ស័យបានចូលទៅក្នុងបន្ទប់ជួលរបស់ជនរងគ្រោះ វាយជនរងគ្រោះឲ្យរងរបួសរហូតរលូតកូន និងវាយប្អូនស្រីរបស់ជនរងគ្រោះឈ្មោះ ប៊ិន សុភាព ហៅកា ឲ្យរងរបួសថែមទៀតផង។
ភ្លាមៗ សមត្ថកិច្ច បានឃាត់ខ្លួនសង្ស័យយកទៅសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមច្បាប់។
ឆ្លើយតបនឹងការលើកឡើងរបស់លោកព្រះរាជអាជ្ញារង សាយ ណូរ៉ា ខាងលើនេះ ភាគីជនរងគ្រោះឈ្មោះ ម៉ៅ សុភ័ន បានបញ្ជាក់ថា ខ្លួនពិតជាបានរលូតកូនព្រោះជនសង្ស័យឈ្មោះ វ៉ន សំរ៉ស ហៅស្រស់ វាយពិតមែន ដោយមានលិខិតបញ្ជាក់ពីគ្រូពេទ្យត្រឹមត្រូវ។
ចំពោះការអះអាងថា ជនរងគ្រោះបានវាយតប់លើជនសង្ស័យឈ្មោះ វ៉ន សំរ៉ស ហៅស្រស់ នោះជារឿងប្រឌិតសុទ្ធសាធ ព្រោះនៅពេលស្ត្រីសង្ស័យវាយជនរងគ្រោះរួច បានឡើងជិះម៉ូតូបម្រុងគេចខ្លួននោះ គឺនគរបាលមកឃាត់ខ្លួនភ្លាមៗគឺគ្មានរបួសស្នាមអ្វីទាំងអស់។
ចំពោះអាវជនសង្ស័យពាក់ពេលធ្វើសកម្មភាពវាយជនរងគ្រោះ និងអាវដែលជនសង្ស័យពាក់ថតដាក់ជាភស្តុតាងជូនតុលាការ គឺជាអាវផ្សេងគ្នាទាំងស្រុង។
ជនរងគ្រោះ ចាត់ទុក ការណែនាំឲ្យជនសង្ស័យប្ដឹងបកលើជនរងគ្រោះដែលរលូតកូន គឺជាអំពើមហាអយុត្តិធម៌បំផុត និហសំណូមពរឲ្យក្រសួងពាក់ព័ន្ធ បើកការស៊ើបអង្កេតរឿងនេះឲ្យបានច្បាស់លាស់ផងដែរ ដើម្បីស្វែងរកការពិត៕