លោក ឃឹម ហ្វីណង់ ៖ ដូចការរពឹងទុក បុគ្គលសង្ស័យម្នាក់ទៀត មកពីទីក្រុងភ្នំពេញ ដែលជាមិត្តភ័ក្តិរបស់ឈ្មោះ រ៉ូន រាន់ ត្រូវបានរកឃើញថា ផ្ទុកវិជ្ជមានមេរោគ កូវីដ១៩ ដូចគ្នា!
លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បញ្ជាក់ថា ៖ ដូចការរពឹងទុក បុគ្គលសង្ស័យម្នាក់ទៀត មកពីទីក្រុងភ្នំពេញ ឈ្មោះ ទិត្យ ឡូ ដែលជាមិត្តភ័ក្តិរបស់ឈ្មោះ រ៉ូន រាន់ ត្រូវបានរកឃើញថា ផ្ទុកវិជ្ជមាន មេរោគកូវីដ១៩ ដូចគ្នាដែរ។
សូមរំលឹកឡើងវិញថា លោក ទិត្យ ឡូ និង លោក រ៉ូន រាន់ បានធ្វើដំណើរួមគ្នាពីភ្នំពេញមកកាន់ស្រុកបន្ទាយស្រី ដោយបានឆ្លងកាត់ការត្រួតពិនិត្យសុខភាពនៅក្នុងមណ្ឌលចត្តាឡីស័កឃុំព្រះដាក់។ ឈ្មោះ រ៉ូន រាន់ត្រូវបានរកឃើញវិជ្ជមានមុន ដែលជាហេតុធ្វើឱ្យក្រុមការងារបន្តបញ្ជូនឈ្មោះ ទិត្យ ឡូ ពីមណ្ឌលចត្តាឡីស័កទៅយកសំណាកបន្ថែមទៀត និងទទួលបានលទ្ធផលវិជ្ជមានដូចពេលនេះ។ ករណីទាំងពីរនេះ មិនមានពាក់ព័ន្ធនឹងបងប្អូនប្រជាពលរដ្ឋទូទៅនៅក្នុងស្រុកបន្ទាយស្រីនោះទេ និងមិនមានអ្វីគួរឱ្យព្រួយបារម្ភពីការរាលដាលឆ្លងបន្តនៅក្នុងសហគមន៍ឡើយ លើកលែងតែចំពោះអ្នកដែលបានកំពុងធ្វើចត្តាឡីស័កទាំង១២នាក់នៅក្នុងមណ្ឌលជាមួយគ្នានឹងពួកគាត់ទាំងពីរនាក់ ដែលរដ្ឋបាលស្រុកបានសម្រេចបន្តចត្តាឡីស័កពួកគាត់ចំនួន១៤ថ្ងៃបន្តទៀត និងត្រូវបានយកសំណាកលើកទីមួយរួចរាល់ហើយដែរ។
សង្ឃឹមថា បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលវិលត្រលប់ចូលមកក្នុងមូលដ្ឋានវិញនឹងស្ម័គ្រចិត្តដាក់ខ្លួនឯងឱ្យនៅដាច់ដោយឡែកពីអ្នកដទៃនិងក្រុមគ្រួសារ ហើយមិនធ្វើដំណើរចេញពីផ្ទះរបស់ខ្លួនក្នុងរយៈពេលនេះប្រសិនបើមិនមានការចាំបាច់ ដើម្បីជួយបញ្ចៀសការរីករាលដាលឆ្លងនៃមេរោគកូបវីដ១៩នៅក្នុងសហគមន៍របស់យើងដោយប្រការណាមួយដែលយើងមិនអាចមើលឃើញដឹងមុនបាន។ រដ្ឋបាលស្រុកនឹងត្រៀមខ្លួនរួចជាស្រេចដើម្បីផ្តល់ការគាំទ្រ ប្រឹក្សាយោបល់ និងតាមដានត្រួតពិនិត្យសុខភាពឱ្យបានទៀងទាត់។