ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ៖ “ទុក្ខលំបាករបស់ប្រជាពលរដ្ឋ គឺជាទុក្ខលំបាករបស់រាជរដ្ឋាភិបាល”។
ហេតុនេះហើយ បន្ទាប់ពីបានទទួលដំណឹងថា ប្រជាពលរដ្ឋចំនួន ៤០គ្រួសារកំពុងប្រឈមបញ្ហាខ្វះទីជម្រក និងស្បៀងអាហារដោយសារខ្យល់ព្យុះកន្រ្ទាក់កាលពីយប់ថ្ងៃទី០៥ នាព្រឹកថ្ងៃសៅរ៍ ១១រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី៨ ខែឧសភា ឯកឧត្តម វេង សាខុន ប្រធានក្រុមការងាររាជរដ្ឋាភិបាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ ស្រុកកំពង់សៀម និងស្រុកជើងព្រៃ ខេត្តកំពង់ ចាម និងលោកជំទាវ ម៉ក់ ស៊ីថា រួមជាមួយឯកឧត្តមប្រធាន អនុប្រធានក្រុមការងារចុះស្រុកជើងព្រៃ និងសមាជិកមួយចំនួនទៀតបានរៀបចំបេសកកម្មបន្ទាន់មួយដើម្បីចុះមកពិនិត្យ និងវាយតម្លៃលើផលប៉ះពាល់ជាក់ស្តែង និងដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋទាំង ៤០គ្រួសារដែលមាននៅក្នុងឃុំចំនួន ៦ (ឃុំព្រៃចារ សូទិប ស្តើងជ័យ សំពងជ័យ ខ្នុរដំបង និងឃុំផ្តៅជុំ) ឲ្យបានទាន់ពេល។
លោក អួត ឈាងលី អភិបាលនៃគណអភិបាលស្រុក បានរាយការណ៍ជូនឯកឧត្តមប្រធានបានជ្រាបដោយសង្ខេបអំពីស្ថានភាពជាក់ស្តែងដែលប្រជាពលរដ្ឋកំពុងជួបប្រទះ និងជំនួយបឋមគឺតង់ប្រក់ដំបូលជូនគ្រួសារទាំងបី ហើយយោងលើការវាយតម្លៃការខូចខាតទាំង ៤០ខ្នងផ្ទះក្នុងនោះ ៣ខ្នងផ្ទះខូចខាតទាំងស្រុង និង ៣៧ខ្នងផ្ទះទៀតខូចខាតដំបូល រួមទាំងដំបូលព្រះវិហារ ០១ផងដែរ។ ក្នុងនាមឲ្យអាជ្ញាធរស្រុក និងជាពិសេសបងប្អូនប្រជាពលរដ្ឋទាំង ៤០គ្រួសារ លោកអភិបាលនៃគណអភិបាលស្រុកបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះឯកឧត្តមប្រធានក្រុមការងារ ឯកឧត្តមប្រធាន-អនុប្រធានក្រុមការងារចុះជួយឃុំទាំង៦ ដែលបានគិតគូ យកចិត្តទុកដាក់អំពីសុខទុក្ខរបស់បងប្អូនដែលទទួលរងគ្រោះ ដោយបានជួយឧបត្ថម្ភជាស្បៀងសម្រាប់ទ្រទ្រង់ជីវភាពប្រចាំថ្ងៃ និងសម្ភារប្រើប្រាស់ជាជម្រកបានទាន់ពេលវេលា។
កាយ វិការដ៏ប្រពៃនេះបានបង្ហាញពីការគិតគូ យកចិត្តទុកដាក់ខ្ពស់ក្នុងការដោះស្រាយនូវរាល់បញ្ហា និងទុក្ខកំបាកជូនបងប្អូនទូទាំងស្រុកជើងព្រៃបានទាន់ពេលវេលា។ ឧត្តមគតិ និងស្មារតីទទួលខុស ត្រូវខ្ពស់ក្នុងនាមឯកឧត្តមជាប្រធានក្រុមការងារចុះស្រុកកំពង់សៀម ធ្វើឲ្យប្រជាពលរដ្ឋចងចាំ និងបន្តគាំទ្រលើការដឹកនាំរបស់ឯកឧត្តមប្រធាន និងសហការីជារៀងរហូត ក្រោមម្លប់សុខសន្តិភាព។
មានមតិសំណេះសំណាលជាមួយប្រជាពលរដ្ឋរងគ្រោះ ឯកឧត្តមក្នុងនាមថ្នាក់ដឹកនាំក្រុមការ ងារចុះជួយស្រុកជើងព្រៃ លោកបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងចូលរួមសោកស្តាយចំពោះការខូចខាតទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋទាំង ៤០គ្រួសារ។ ដើម្បីសម្រាលទុក្ខលំបាករបស់គ្រួសាររងគ្រោះ ព្រឹកនេះឯកឧត្តមដែលជាប្រធានក្រុមការងារ បានអញ្ជើញចុះមកផ្ទាល់ ដើម្បីពិនិត្យ វាយតម្លៃ លើការខូចខាត និងដាក់ចេញនូវគោលនយោបាយដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋជាបន្ទាន់។
ជាក់ស្តែងអំណោយស្បៀងសង្រោះបន្ទាន់ដែលបានចែកជូនប្រជាជនចំនួន៤០ គ្រួសារ ក្នុងមួយគ្រួសារទទួលបាន អង្ករ ២៥ គក្រ; មីខ្លាឃ្មុំ មួយកេះ; ទឹកស៊ីអ៊ីវ មួយយួរ; ត្រីខ មួយកេះ និងតង់កៅស៊ូចំនួន ៣ ត្រូវបានឯកឧត្តមនាំយកមកចែកជួនប្រជាពលរដ្ឋដោយផ្ទាល់ តំណាងដ៏ខ្ពស់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាតក្រហមកម្ពុជា។ លោកបានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង រួមសហការគ្នាបានល្អក្នុងការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ ទាំងអាជ្ញាធរមូលដ្ឋាន និងឯកឧត្តមប្រធាន-អនុប្រធាន និងសមាជិកក្រុមការងារចុះជួយឃុំទាំង ៦។
កាយវិការដ៏ប្រពៃនេះ បានបង្ហាញឲ្យឃើញពីទំនួលខុសត្រូវខ្ពស់ចំពោះបញ្ហាជីវភាព សេចក្តីសុខទុក្ខរបស់បងប្អូននៅមូលដ្ឋានគ្រប់កាល:ទេស: និងគ្រប់ក្រុមគ្រួសារ។ ក្នុងឱកាសនោះដែរ ឯកឧត្តមប្រធាន បានណែនាំឲ្យបងប្អូនប្រជាពលរដ្ឋត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះធម្មជាតិ ដោយត្រូវយកចិត្តទុកដាក់ខ្ពស់ ក្នុងការសាងសង់លំនៅឋានឲ្យមានភាពធន់នឹងគ្រោះធម្មជាតិ ប្រកបដោយសុវត្ថិភាព ការពារទ្រព្យសម្បត្តិ សត្វពាហន: និងអាយុជីវិត។ ស្ថិតក្នុងស្ថានភាពនៃការរីករាលដាលជំងឺឆ្លងកូវីដ -១៩ ឯកឧត្តមប្រធានបានណែនាំឲ្យបងប្អូនប្រជាពលរដ្ឋត្រូវបង្កើនការថែរក្សាសុខភាព អនុវត្តឲ្យបានតាមការណែនាំរបស់ក្រសួងសុខាភិបាល និងជាពិសេសអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣ការពារ និង៣កុំ ដើម្បីបង្ការ និងទប់ស្កាត់ជំងឺឆ្លងកូវីដ-១៩ នៅមូលដ្ឋានរបស់ខ្លួនឲ្យបាន។
កម្មវត្ថនៃការជួយឧបត្ថម្ភជូនដល់ប្រជាពលរដ្ឋរងគ្រោះសម្រាប់សាងសង់ និងជួសជុលផ្ទះឡើងវិញ រួមមាន៖ ផ្ទះ៣ខ្នងខូចខាតទាំងស្រុងអស់ទឹកប្រាក់សរុបចំនួន ៩ ០០០ ០០០ ៛ ; ផ្ទះចំនួន១៦ ខ្នងផ្ទះ ខូចខាងកម្រិតមធ្យមអស់ទឹកប្រាក់សរុបចំនួន ៧ ២៥០ ០០០ ៛ និងខូចខាតកម្រិតស្រាលចំនួន ២១ខ្នងផ្ទះ អស់ទឹកប្រាក់សរុបចំនួន ២ ៦១០ ០០០រ។
បន្ថែមលើសពីនេះ ឯកឧត្តម បានជួយឧបត្ថម្ភជាថវិកាសម្រាប់ត្រៀមបំរុងជួយសង្គ្រោះ និងឧបត្ថម្ភប្រជាជន ដែលជួបនឹងបញ្ហាខ្វះខាតនាពេលខាងមុខ ដែលក្នុងនេះបានជូនទៅលោកមេឃុំទាំង ១០ ក្នុងស្រុកជើងព្រៃ អស់ថវិកាចំនួន ៤ ០០០ ០០០ រៀល និងឧបត្ថម្ភថវិកា ជូនលោកអភិបាលនៃគណៈអភិបាលស្រុកជើងព្រៃចំនួន ៥ ០០០ ០០០ ៛ ។
សរុបថវិកាដែលបានចំណាយនាថ្ងៃនេះអស់ចំនួន ២៧ ៨៦០ ០០០រៀល ។