ខេត្តកណ្តាល ៖ សមត្ថកិច្ច ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណី ធ្វើឲ្យខូចខាតដោយចេតនា (យកពូថៅកាប់ម៉ូតូ នឹងវាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិនៅក្នុងផ្ទះ កាលពីថ្ងៃទី ៧ខែឧសភាឆ្នាំ២០២១ វេលាម៉ោង១៧ និង ១០នាទី នៅចំណុចផ្ទះជនរងគ្រោះឈ្មោះម៉ែនខុមស្ថិតនៅភូមិព្រែកកែវ ឃុំកោះខែល ស្រុកស្អាងខេត្តកណ្ដាល។
ជនរងគ្រោះ ឈ្មោះម៉ែនខុមភេទប្រុសអាយុ ៦៣ ឆ្នាំជនជាតិខ្មែរមុខរបរកសិករមានទីលំនៅភូមិព្រែកកែវឃុំកោះខែលស្រុកស្អាងខេត្តកណ្ដាល (ត្រូវជាឪពុក)។
ជនសង្ស័យ ឈ្មោះកេត ធារ៉ា ភេទប្រុសអាយុ២២ឆ្នាំជនជាតិខ្មែរមុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រែកកែវឃុំកោះខែលស្រុកស្អាងខេត្តកណ្ដាល។
វត្ថុតាងចាប់យកមាន
១.ពូថៅចំនួន០១មាន ផ្លែដែកដងធ្វើអំពីឈើ។
សម្ភារៈខូចខាត:
១.ម៉ូតូចំនួន០១គ្រឿងម៉ាកហុងដាសេ១២៥ពណ៌ ខ្មៅឆ្នាំ ២០១១ គ្មានផ្លាកលេខ
២.របស់របរមួយចំនួន
ប្រភពប្រាប់ថា កន្លងមក ជនសង្ស័យធ្លាប់ប្រើប្រាស់គ្រឿងញៀនរយះពេល២ឆ្នាំមកហើយ ពេលដែលជនសង្ស័យប្រើប្រាស់គ្រឿងញៀនរួចហើយតែងតែរករឿងឪពុកម្ដាយនឹងវាយបំភ្លេចបំផ្លាញទ្រព្យសម្បត្តិនៅក្នុងផ្ទះជាញឹកញាប់។
លុះដល់ថ្ងៃទី៧ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង៧ព្រឹកជនសង្ស័យបានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាសេ ១២៥ស៊េរីឆ្នាំ២០១១ពណ៌ខ្មៅគ្មានផ្លាកលេខចេញពីផ្ទះមិនដឹងទៅណា ដល់វេលាម៉ោង១៧ និង១០នាទីថ្ងៃខែឆ្នាំដដែលជនសង្ស័យក៏បានជិះម៉ូតូត្រឡប់មកផ្ទះវិញរួចបានធ្វើសកម្មភាពយកពូថៅកាប់ម៉ូតូនឹងវាយបំភ្លេចបំផ្លាញទ្រព្យសម្បត្តិនៅក្នុងផ្ទះបណ្តាល ខូចខាតអស់មួយចំនួន និងបានយកចង្ក្រានហ្គាសកាច់ភ្លើងឲ្យឆេះរួចដុតផ្ទះបណ្ដាលឱ្យឆេះហើយត្រូវបានបងប្អូនប្រជាពលរដ្ឋនៅជិតខាងជួយពន្លត់ទាន់ ភ្លាមៗនោះជនរងគ្រោះក៏បានមករាយការណ៍ភ្លាមនោះប៉ុស្តិ៍នគរបាលរដ្ឋបាលកោះខែលបានសហការជាមួយកម្លាំងផ្នែកនគរបាលយុត្តិធម៌ស្រុកស្អាងបានចុះទៅដល់កន្លែងកើតហេតុបានធ្វើការនាំខ្លួនជនសង្ស័យរួមទាំងវត្ថុតាងមកប៉ុស្តិដើម្បីធ្វើការសាកសួរ។
បច្ចុប្បន្នជនសង្ស័យឃាត់ខ្លួនបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕