រដ្ឋបាលខេត្តសៀមរាប សម្រេចបិទខ្ទប់ការចេញ-ចូល ជាបណ្ដោះអាសន្នកំណាត់ផ្លូវ១ខ្សែ

ខេត្តសៀមរាប៖ កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ម្សិលមិញនេះ រដ្ឋបាលខេត្តសៀមរាប បានប្រកាសបិទខ្ទប់ការចេញ-ចូល ជាបណ្ដោះអាសន្ន នូវកំណាត់ផ្លូវ១ខ្សែស្ថិតនៅភូមិដកពោធិ៍ ដែលភ្ជាប់ពីផ្លូវជាតិលេខ៦ ទៅមុខភោជនីយដ្ឋានរាជិនី ចាប់ពីថ្ងៃទី០៦ ខែឧសភានេះតទៅរហូតដល់មានការជូនដំណឹងជាថ្មីឡើងវិញ ។

មូលហេតុនៃការបិទខ្ទប់ការចេញ-ចូល ជាបណ្ដោះអាសន្នកំណាត់ផ្លូវនេះ គឺដោយសារមានមនុស្សចំនួន ៩នាក់ ដែលរស់នៅតាមបណ្ដោយផ្លូវនេះ ត្រូវបានរកឃើញថា មានវិជ្ជមានជំងឺកូវីដ-១៩ ក្នុងរយៈពេលពេល២ថ្ងៃ គឺនៅថ្ងៃទី០៤ និងថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ ។

រដ្ឋបាលខេត្តសៀមរាប ប្រកាសអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងខេត្តសៀមរាប សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ចូលរួមអនុវត្តវិធានការការពារ ៣ការពារ ៣កុំ និងត្រូវអនុវត្តកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព ជាពិសេសត្រូវអនុវត្តវិធានការរដ្ឋបាល និងវិធានការចត្តាឡីស័ក ប៉ុន្តែបើបុគ្គលទាំងឡាយណាដែលប្រព្រឹត្តល្មើសនឹងវិធានការនេះ នឹងប្រឈមការពិន័យអន្តការណ៍ ឬផ្តន្ទាទោសតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ៕

អត្ថបទដែលជាប់ទាក់ទង
Open

Close