អគ្គិភ័យ ឆេះលំនៅដ្ឋានពលរដ្ឋ១ខ្នង នៅស្រុកមោងឫស្សី ខូចខាតអស់ទាំងស្រុង

បាត់ដំបង៖គ្រោះអគ្គិភ័យបានកើតឡើង១ករណីបណ្តាលអោយឆាបឆេះលំនៅដ្ឋានប្រជាពលរដ្ឋ១ខ្នងនិងខាតបង់ទ្រព្យសម្បត្តិអស់ជាច្រើន។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ ចំណុចក្រុមទី១០ ភូមិក្រឡោមភ្លុក ឃុំព្រៃស្វាយ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានអោយដឹងថា៖លំនៅដ្ឋានដែលត្រូវអគ្គិភ័យឆាបឆេះនោះ គឺជាកម្មសិទ្ធរបស់អ្នកស្រី ឆេង មុំ អាយុ៣៦ឆ្នាំ រស់នៅក្នុងភូមិ ឃុំ ស្រុក កើតហេតុខាងលើ។

ចំពោះការខាតបង់ទ្រព្យសម្បត្តិរួមមាន៖ផ្ទះ១ខ្នងទំហំ ៧គុណ៨ម៉ែត្រ សង់អំពីឈើ ជញ្ជាំងក្តា ប្រកក្បឿង និងសំយ៉ាបខាងក្រោយទំហំ៥គុណ៨ម៉ែត្រ ស្រូវពូជចំនួន៣តោន អង្ករ៣០០គីឡូក្រាម ក្រវិលមាស១ជី ខ្សែកផ្លាកទីន ៣ជីកន្លះ លុយដុល្លារចំនួន១០០$ ប្លង់ដីឡូត៍ ប្លងដីស្រែនិងសម្ភារៈប្រើប្រាស់មួយចំនួនទៀត។

យោងតាមការសន្និដ្ឋានរបស់កម្លាំងនគរបាលជំនាញបានអោយដឹងថាករណីអគ្គិភ័យនេះបង្កឡើងដោយសារឆ្លងចរន្តអគ្គិសនី។

សូមបញ្ជាក់ថាកម្លាំងនគរបាលបង្ការ ពន្លត់អគ្គិភ័យ នៃអធិការដ្ឋាននគរបាលស្រុកមោងឫស្សី មិនបានចេញរថយន្តទៅជួយពន្លត់ក្នុងហេតុការណ៍នោះទេ គឺផ្លូវតូច ចង្អៀត រថយន្តចូលមិនរួច។

ទោះបីជារថយន្តពន្លត់អគ្គិសភ័យចូលមិនរួចក៍ដោយ តែបង ប្អូនប្រជាពលរដ្ឋ ប្រជាការពារ និងសមត្ថកិច្ចមូលដ្ឋានជួយពន្លត់មិនអោយឆេះរាលដាលដល់អ្នកជិតខាងឡើយ៕

ដោយ ៖ សុខ កុសល

អត្ថបទដែលជាប់ទាក់ទង
Open

Close