អាគារកម្ពស់៨ជាន់ ស្មើនិង៨០បន្ទប់ រៀបចំសម្រាប់ដាក់អ្នកចត្តាឡីស័ក ក្រោយព្យាបាលជាសះស្បើយពីជំងឺកូវីដ១៩ នៅក្រុងបាវិត
(ស្វាយរៀង)៖ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ខេត្ត បានអញ្ជើញចុះពិនិត្យ និងដឹកនាំកងកម្លាំង អាជ្ញាធរដែនដី និងមន្ត្រីសុខាភិបាល រៀបចំសម្អាតអាគារសម្រាប់ដាក់អ្នកចត្តាឡីស័កក្រោយព្យាបាលជាសះស្បើយពីជំងឺកូវីដ១៩ ស្ថិតក្នុងទីតាំងអាគារស្នាក់នៅរបស់ក្រុមហ៊ុនការស៊ីណូបាវិតម៉ុកបាយ (អាគារB) ដែលមានកម្ពស់៨ជាន់ ស្មើនិង៨០បន្ទប់ នៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
ឯកឧត្តមអភិបាលខេត្ត ក្នុងនាមរដ្ឋបាលខេត្តស្វាយរៀង បានថ្លែងនូវអំណរគុណ ចំពោះកងកម្លាំង អាជ្ញាធរដែនដី ម្ចាស់ទីតាំងអាគារ និងបុគ្គលិកសុខាភិបាលទាំងអស់ ដែលបានរួមសហការគ្នារៀបចំសម្អាតអាគារបន្ថែមមួយទៀត ដោយអាគារថ្មីនេះ សម្រាប់ដាក់តែអ្នកចត្តាឡីស័កក្រោយព្យាបាលជាសះស្បើយពីជំងឺកូវីដ១៩ តែប៉ុណ្ណោះ ស្របតាមគោលការណ៍ព្យាបាលរបស់ក្រសួងសុខាភិបាល ។
ទន្ទឹមនេះ ឯកឧត្តមក៏បានថ្លែងនូវអំណរគុណ និងកោតសរសើរចំពោះបុគ្គលិកសុខាភិបាល និងក្រុមគ្រូពេទ្យទាំងអស់នៅទូទាំងខេត្តស្វាយរៀងទាំងមូល ដោយគ្រូពេទ្យជួរមុខ គឺជាកងទ័ពអាវស ដែលមិនត្រឹមតែបានចូលរួមក្នុងការប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ-១៩ ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានចូលរួមចំណែកយ៉ាងសកម្មលះបង់ពេលវេលាទាំងពេលយប់ និងពេលថ្ងៃដោយមិនខ្លាចនឿយហត់ក្នុងការព្យាបាលអ្នកជំងឺកូវីដ-១៩ ដោយយកចិត្តទុកដាក់បំផុត ។
មទន្ទឹមនេះ រដ្ឋបាលខេត្តក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមបង្កើននូវការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ជាពិសេសត្រូវប្រកាន់ភ្ជាប់នូវវិធានការរបស់ប្រមុខរាជរដ្ឋាភិបាល “៣ការពារ ៣កុំ” និងសេចក្តីសម្រេច ឬសេចក្តីណែនាំនានាដែលចេញដោយរដ្ឋបាលខេត្ត ហើយបើគ្មានការចាំបាច់ សូមនៅតែក្នុងផ្ទះ ត្រូវរួមគ្នាកាត់ផ្តាច់ឬសគល់នៃជំងឺកូវីដ-១៩នេះ ដោយផ្តើមចេញពីការចូលរួមសហការពីប្រជាពលរដ្ឋគ្រប់ៗរូប។
ជាមួយគ្នានោះដែរ ឯកឧត្តមអភិបាលខេត្តក៏បានឧបត្ថម្ភថវិកាមួយចំនួន ដល់កងកម្លាំងស្នងការនគរបាលខេត្ត និងកងកម្លាំងកងរាជអាវុធហត្ថខេត្ត សរុបប្រមាណ១០០នាក់ ជាការលើកទឹកចិត្តផងដែរ៕ រូបភាពនិងអត្ថបទ ដោយ: ខ្លាខ្មៅ