វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ប្រភេទSinovac បានរៀបចំចាក់លើកទី២ ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ សាលាក្រុង-ស្រុក ទូទាំង៨ ក្នុងខេត្តស្វាយរៀង
(ស្វាយរៀង)៖ នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀង និងលោកជំទាវ ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្របខ័ណ្ឌទូទាំងខេត្តស្វាយរៀង បានអញ្ជើញចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ប្រភេទSinovac ក្នុងគោលការណ៍ស្ម័គ្រចិត្ត លើកទី២ ជាមួយគ្នានេះក៏មានការចាក់ជូនដល់ សមាជិកក្រុមប្រឹក្សាខេត្ត មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យាសាលាខេត្ត ជាច្រើនរូបទៀត ដែរស្ថិតនៅសាលប្រជុំធំសាលាខេត្ត។
សូមជម្រាបជូនថា វ៉ាក់សាំងស៊ីណូវ៉ាក់នេះ ចាក់បានចាប់ពីអាយុ១៨ឆ្នាំឡើងទៅ ហើយថ្ងៃនេះ ជាថ្ងៃទី១៥នៃការចាក់ដូស លើកទី២ ក្នុងយុទ្ធនាការចាក់ថ្នាំបង្ការជំងឺកូវីដ១៩ ប្រភេទ Sinovac ដែលបានប្រព្រឹត្តិទៅក្នុងក្របខ័ណ្ឌទូទាំងទាំងប្រទេស ក្រោមការគិតគូ និងដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដើម្បីសុខមាលភាពរបស់ប្រជាជនកម្ពុជា ក្នុងនោះ ខេត្តស្វាយរៀង គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំង បានរៀបចំចាក់ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ សាលាក្រុង-ស្រុក ទូទាំង៨ក្នុងខេត្តស្វាយរៀង ទៅតាមពេលវេលា និងទីកន្លែងដែលរដ្ឋក្រុង ស្រុក បានបែងចែក ក្នុងការចាក់វ៉ាក់សាំងជូនដោយផ្អែកលើគោលការស្ម័គ្រចិត្ត។
សូមបញ្ជាក់ផងដែរថា: ទីតាំងត្រៀមសម្រាប់ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ មានទីតាំងដូចជា÷ ទី១ សាលាខេត្តស្វាយរៀង, ទី២ មន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង, ទី៣ សាខាកាកបាទក្រហមស្រុកស្វាយជ្រំ, ទី៤ មន្ទីរពេទ្យបង្អែកសាមគ្គីរំដួល, ទី៥ មន្ទីរពេទ្យបង្អែកស្វាយទាប, ទី៦ មន្ទីរពេទ្យបង្អែកស្រុករមាសហែក, ទី៧ មន្ទីរពេទ្យបង្អែកជីភូ, ទី៨ មណ្ឌលសុខភាពញរ, ទី៩ មណ្ឌលសុខភាពមេសថ្ងក, ទី១០ មណ្ឌលសុខភាពក្រុងបាវិត, ទី១១ មណ្ឌលសុខភាពមុខដា, និងទី១២ មណ្ឌលសុខភាពសំបួរ ៕
រូបភាព និងអត្ថបទ ដោយ:ខ្លាខ្មៅ