ហាង យីហោ ផ្ទះសុខភាព បើកទាំងថ្ងៃ ផ្គើននឹងសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល និងរដ្ឋបាលរាជធានីភ្នំពេញ អភិបាលខណ្ឌពោធិ៍សែនជ័យ ចុះបិទភ្លាម ឃាត់ទាំងមនុស្សទៀត! 

ភ្នំពេញ៖ លោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ ដឹកនាំកម្លាំងចម្រុះ ចុះបិទទីតាំងហាង យីហោ ផ្ទះសុខភាព មានផ្តល់សេវាកម្ម ស្ទីម ម៉ាស្សា សូណា ហែលទឹក ហាងកាហ្វេ អាហារដ្ឋាន ជាពិសេស បើកអោយភ្ញៀវចូលផឹកស៊ី នៅជាន់ខាងលើ មិនគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល និងរដ្ឋបាលរាជធានីភ្នំពេញ ក្នុងការប្រយុទ្ធប្រឆាំងការរីករាលដាល នៃជំងឺកូវីដ១៩។

ប្រតិបត្តិការណ៍ខាងលើ ធ្វើឡើងកាលពីវេលាម៉ោង១៧ និង០០នាទីល្ងាច ថ្ងៃទី៤ខែ មេសា ឆ្នាំ ២០២១ នៅចំណុចផ្លូវបេតុង ភូមិត្រពាំងថ្លឹង៣ ក្នុងសង្កាត់សង្កាត់ចោមទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

លោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ បានប្រាប់ថា ក្រុមការងារបានត្រួតពិនិត្យឃើញថា ហាង យីហោ ផ្ទះសុខភាព បើកអាជីវកម្មមិនព្រមឈប់សោះ ទោះបីអាជ្ញាធរធ្វើការណែនាំ ក៍ដូចជាការជូនដំណឹងរួចមកហើយក្តី ក៏ម្ចាស់ហាងមួយនេះមិនបានចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩នោះទេ ហើយនាល្ងាចនេះ កម្លាំងចម្រុះ បានចុះត្រួតពិនិត្យជាក់ស្ដែងឃើញថា ទីតាំងនេះពិតជាបើកដំណើរការមែន ទើបអាជ្ញាធរខណ្ឌ សម្រេចបិទទ្វារជាបណ្ដោះអាសន្ន ដោយឡែកតំណាងម្ចាស់ទីតាំង និង ភ្ញៀវជាង១០នាក់នោះ ត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីសាកសួរ និងកសាងសំណុំរឿងចាត់ការបន្តតាមនិតិវិធីច្បាប់។

លោកអភិបាលខណ្ឌពោធិ៍សែនជ័យ អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេស បងប្អូនអាជីវករ ដែលប្រកបអាជីវកម្ម ក្នុងមូលដ្ឋានខណ្ឌ មេត្តាចូលរួម អនុវត្តតាមបទបញ្ជាដែល សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញនូវវិធានការ ៣ការពារ និង ៣កុំឱ្យបានត្រឹមត្រូវខ្ជាប់ខ្ជួន។

វិធានការ៣កុំ និង៣ការពារ ដើម្បីទប់ស្កាត់ជំងឺកូវីដ១៩ ប្រកបដោយប្រសិទ្ធភាព។ «៣កុំ» មានន័យថា៖ ទី១៖ កុំចាប់ដៃគ្នាដោយងាកមកប្រើវប្បធម៌សំពះរបស់ខ្មែរយើងជាជំនួសវិញ។ ទី២៖ កុំទៅកន្លែងណា ដែលមានមនុស្សច្រើន និងទី៣៖ កុំនៅក្នុងបន្ទប់បិទជិត គ្មានខ្យល់ចេញចូល ជាពិសេសបន្ទប់ដែលមានម៉ាស៊ីនត្រជាក់។

ចំណែក«៣ការពារ»គឺ ៖ ទី១៖ ត្រូវនាំគ្នាពាក់ម៉ាស់ឲ្យបានគ្រប់គ្នា និងគ្រប់ទីកន្លែង ជាពិសេសនៅតាមទីកន្លែងសាធារណៈ។ ទី២៖ ត្រូវលាងសម្អាតដៃជាមួយអាល់កុល ឬជែលជាប្រចាំ និងឲ្យបានញឹកញាប់ ជាពិសេសមុនពេល បរិភោគអាហារ និងក្រោយពេលបានប៉ះពាល់វត្ថុផ្សេងៗ និងទី៣៖ ត្រូវរក្សាគម្លាតសុវត្ថិភាពបុគ្គល ដោយត្រូវនៅឃ្លាតពីគ្នាយ៉ាងតិចមួយម៉ែត្រកន្លះជាដើម៕

អត្ថបទដែលជាប់ទាក់ទង
Open

Close