ស្វាយរៀង៖ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ រដ្ឋបាលខេត្តស្វាយរៀង បានចេញសេចក្តីជូនដំណឹង បានស្នើឱ្យម្ចាស់កាស៊ីណូទាំងអស់ក្នុងខេត្តស្វាយរៀង ដែលបានសុំច្បាប់អនុញ្ញាតបើកអំឡុងពេលកូវីដ១៩កន្លងមកនេះ ឱ្យផ្អាកជាបណ្តោះអាសន្នភ្លាមៗ ដើម្បីការពារ ការឆ្លងរីករាលដាល ជំងឺកូវីដ១៩ នៅក្នុងខេត្ត។
យោងតាមសេចក្តីប្រកាសរដ្ឋបាលខេត្ត បានជម្រាបជូន លោកនាយកក្រុមហ៊ុន កាស៊ីណូក្នុងខេត្តស្វាយរៀង ដែលបានចុះ អនុស្សរណៈយោគយល់ជាមួយក្រសួងសុខាភិបាល អោយបានជ្រាបថា នាពេលបច្ចុប្បន្ន នេះ ស្ថានភាពនៃការរីករាលដាលជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ កំពុងបន្តកើតឡើង គួរឱ្យមានការព្រួយបារម្ភ ។ ដូច្នេះអាជ្ញាធរខេត្តស្វាយរៀង សូមធ្វើការផ្អាកសកម្មភាព អាជីវកម្មគ្រប់ប្រភេទ ដែលកំពុងដំណើរ ការ នៅក្នុងកាស៊ីណូ របស់លោកអ្នកជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១នេះ រហូតដល់មានការជូនដំណឹងសារជាថ្មី។
សូមបញ្ជាក់ផងដែរថា នៅព្រឹកថ្ងៃទី៣០ ខែមីនានេះ ក្រសួងសុខាភិបាល បានប្រកាសរកឃើញករណីវិជ្ជមានកូវីដ១៩ ចំនួន ២០នាក់ នៅខេត្តស្វាយរៀង បច្ជុប្បន្ននេះត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីពេទ្យបង្អែកស្វាយជ្រំ ខេត្តស្វាយរៀង៕ ដោយ:ខ្លាខ្មៅ