ឯកឧត្ដម បែន រ័ត្ន និងលោកជំទាវ ព្រមទាំងបុត្រាបុត្រី បានជួយឧបត្ថម្ភ គ្រឿងឧបភោគបរិភោគ ជូនដល់កងកម្លាំងកំពុងធ្វើចត្តាឡីស័ក នៅស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ
ខេត្តត្បូងឃ្មុំ៖ នៅរសៀលថ្ងៃអាទិត្យ ទី២៨ ខែមីនា ឆ្នាំ២០២១ ឯកឧត្ដម បែន រ័ត្ន អតីតស្នងការនគរបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ ព្រមទាំងបុត្រាបុត្រី ទោះបីបច្ចុប្បន្ន លោកបានចូលនិវត្តន៍ហើយ តែក៏លោកនៅមានមនោសញ្ចេតនាតភ្ជាប់ជាមួយ អតីតសហការី បាបជួយឧបត្ថម្ភ អាហារសម្រន់ មានដូចជា ភេសជ្ជៈ កាហ្វេ ទឹកដោះគោ នំចំណី មី កុយទាវក្រៀម មួយចំនួន ដើម្បីបំប៉នសុខភាព ជូនដល់កងកម្លាំងនគរបាល ដែលកំពុងធ្វើចត្តាឡីស័ក ទុកសម្រាប់ប្រើប្រាស់ នៅស្នងការដ្ឋាននគរបាលខេត្ត ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល បង្ការទប់ស្កាត់ជំងឺឆ្លងកូវីដ-១៩ ដែលកំពុងបង្កហានិភ័យដោយគំរាមកំហែងមកលើសុខភាព និងអាយុជីវិតប្រជាជនកម្ពុជា នាពេលបច្ចុប្បន្ន ។
លោកឧត្តមសេនីយ៍ត្រី ម៉ុន មាគ៌ា ស្នងការនគរបាលខេត្តត្បូងឃ្មុំ មានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ចំពោះការយកចិត្តទុកដាក់ ពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដែលតែងតែបានជួយឧបត្ថម្ភ នូវសម្ភារផ្សេងៗ ដល់អង្គភាពយើងខ្ញុំ ដោយនៅក្នុងស្ថានភាព ដែលយើងខ្ញុំកំពុងតែត្រូវការចាំបាច់ក្នុងការប្រយុទ្ធប្រឆាំង ការពារការឆ្លងរីករាលដាលមេរោគកូវីដ-១៩ នាពេលបច្ចុប្បន្ន ។
ខ្ញុំបាទតាងនាម នាយ-នាយរង និងពលនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ និងខ្លួនខ្ញុំផ្ទាល់ សូមគោរព ថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ ឯកឧត្ដម និងលោកជំទាវ ព្រមទាំងបុត្រាបុត្រី សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន ប្រាជ្ញាឈ្លាសវៃ អាយុយឺនយូរ ជោគជ័យគ្រប់ភារកិច្ច និងសូមប្រកបនូវពុទ្ធពរ ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ជាពិសេសជៀសផុតពីជំងឺឆ្លងកូវីដ-១៩ ៕