ជួបសំណេះសំណាល និងនាំយកអំណោយ ជូនដល់កម្មករ កម្មការិនី ចំនួន១០២នាក់ ដែលស្នាក់នៅបន្ទប់ជួល កំពុងជួបការលំបាកខ្វះខាតក្នុងជីវភាពរស់នៅប្រចាំថ្ងៃ
ខេត្តកណ្តាល៖ នារសៀលថ្ងៃអាទិត្យ ១៥ កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល អមដំណើរឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ចូលរួមសំណេះសំណាល និងនាំយកអំណោយ ជូនដល់កម្មករ កម្មការិនី ចំនួន១០២នាក់ ដែលស្នាក់នៅបន្ទប់ជួល កំពុងជួបការលំបាកខ្វះខាតក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ក្រោយរងផលប៉ះពាល់ នៃព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភៈ ស្ថិតនៅសាលាសង្កាត់ស្វាយរលំ នៅភូមិលេខ៣ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ។
ក្នុងឱកាសនេះ ឯកឧត្តមអភិបាលខេត្តកណ្តាល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងកោតសរសើរដោយស្មោះ ព្រមទាំងប្រគល់លិខិតថ្លែងអំណរគុណ ជូនចំពោះ ឯកឧត្តម ឈឿន ប៊ុនឆន អនុប្រធាននាយកដ្ឋានសន្ដិសុខផ្ទៃក្នុង នៃអគ្គនាយកដ្ឋាននគរបាលជាតិកម្ពុជា ក្រសួងមហាផ្ទៃ ដែលមានសមានចិត្ត ដ៏សប្បុរសជួយសម្រាលបន្ទុកជូនកម្មករ កម្មការិនី ទាំង១០២នាក់ ដោយផ្ដល់បន្ទប់ចំនួន ៦៩បន្ទប់ ឱ្យស្នាក់នៅដោយឥតគិតថ្លៃ រយៈពេលបីខែ ចាប់ពីខែមីនា ដល់ ខែឧសភា ឆ្នាំ២០២១។
ឯកឧត្តមអភិបាលខេត្តបានប្រសិទ្ធិពរជ័យ សិរីសួស្ដី បវរមហាប្រសើរ ជូនចំពោះ ឯកឧត្តម ឈឿន ប៊ុនឆន ព្រមទាំងក្រុមគ្រួសារ បានជួបប្រទះនូវពុទ្ធពរទាំងប្រាំប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ ។