ភ្នំពេញ៖ ក្រោយពីមានការសម្របសម្រួលពី លោក ឡុង ជាប ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ និងទទួលបានបញ្ជាដឹកនាំរបស់ ឯកឧត្តម ជា ពិសី ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ និងជាអភិបាលនៃគណៈអភិបាលខណ្ឌ នារសៀលថ្ងៃសៅរ៍ ១៤ កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ១៥ និង៣០ នាទី គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌប្ញស្សីកែវ ដឹកនាំដោយ លោក លីន ញ៉ក់ អភិបាលរងខណ្ឌ តំណាង ឯកឧត្តម ជា ពិសី ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ និងជាអភិបាលនៃគណៈអភិបាលខណ្ឌ និង លោកវីរៈសេនីយ៍ទោ អ៉ឹម ឈុនផេង អធិការរងនគរបាលខណ្ឌ ដោយមានការចូលរួមពី លោក ប្រធាន-អនុប្រធានការិយាល័យចំណុះរចនាសម្ព័ន្ធរដ្ឋបាខណ្ឌ កម្លាំងនគរបាលខណ្ឌ-សង្កាត់ កម្លាំងសណ្ដាប់ធ្នាប់ខណ្ឌ និងកម្លាំងគណៈបញ្ជាការឯកភាពសង្កាត់គីឡូម៉ែតលេខ៦ បានចុះបង្ក្រាបទីតាំងបើកលេងល្បែងស៉ីសងខុសច្បាប់ (ភ្នាល់លុយតាមប្រព័ន្ធអ៉ីនធើណែត) ស្ថិតនៅផ្លូវបេតុង ក្រុមទី១៥ ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែតលេខ៦ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។
លទ្ធផលនៃការបង្ក្រាបល្បែងស៉ីសងខុសច្បាប់ខាងលើនេះ មានដូចតទៅ ៖ នៅវេលាម៉ោងដូចបានរៀបរាប់ខាងលើ ខណៈពេលកម្លាំងចុះទៅដល់ទីតាំងបើកលេងល្បែងស៉ីសងខុសច្បាប់នេះ ភ្លាមៗនោះ អ្នកមើលការខុសត្រូវ និងអ្នកញៀនលេងល្បែង បានរត់គេចខ្លួនអស់ ដោយសារតែទីតាំងនេះមានភាពស្មុគស្មាញ និងគ្រាន់តែបន្សល់ទុកតែភុសតាងនៃបទល្មើសប៉ុណ្ណោះ។
កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ បានដកហូត សម្ភារៈមួយចំនួន ដែលជាវត្ថុតាង រួមមាន ៖ ទូរទស្សន៍ ០៤ គ្រឿង ម៉ាស៉ីនប្រតិបត្តិករកុំព្យូទ័រ (Desktop) ០៣ គ្រឿង និងក្ដារចុច (Keyboard) ០២ គ្រឿង។ ជាចុងក្រោយ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ បានធ្វើកំណត់ហេតុ សម្រេចបិទទីតាំងបើកលេងល្បែងស៉ីសងខុសច្បាប់នេះជាបណ្ដោះអាសន្ន ដោយឡែកសម្ភារៈជាវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ជាបន្ត៕