សារពីគ្រូពេទ្យ! អានហើយ រន្ធត់ចិត្តអាណិតពិតមែន! 

នាមជាគ្រូពេទ្យជួរមុខ វាពិបាកខ្លាំងណាស់ តែក៏ត្រូវស៊ូទ្រាំ ស្ម័គ្រចិត្តធ្វេីដើម្បីប្រជាជនយើង។ មិនមែនខ្ញុំមិនខ្លាច មិនមែនខ្ញុំមិនតក់ស្លុត ក្នុងការចុះជួយស្រោចស្រង់ជីវិត ព្យាបាលអ្នកជំងឺកូវីដ-១៩នោះទេ ហើយមិនមែនខ្ញុំមានជីវិតអមតៈនោះដែរ តែនេះជាកាតព្វកិច្ចរបស់ពេទ្យ។ ខ្ញុំក៏មានជីវិតមួយ មានគ្រួសារ មានពុកម៉ែចាស់ មានប្តីមានប្រពន្ធ មានកូនរង់ចាំខ្ញុំដូចអ្នកដែរ តែខ្ញុំត្រូវតែពុះពារដើម្បីសេចក្តីសុខរបស់ប្រជាជនខ្ញុំ។

កាយចិត្តពិតជាមិនចង់ឱ្យអ្នកជំងឺណាម្នាក់បាត់បង់ជីវិតឡើយ ហើយក៏ប្រាថ្នានឹងព្យាបាលចង់ឱ្យពួកគាត់ឆាប់ជា ដើម្បីត្រលប់ទៅផ្ទះជួបជុំគ្រួសារវិញ ទេីបខ្ញុំត្រូវលះបង់ខ្លួនឯងប្រឡូកជាមួយមេរោគដែលយើងមេីលមិនឃេីញនេះ ព្រោះខ្ញុំក៏សង្ឃឹមថានឹងបានឆាប់ចប់ ត្រលប់ទៅជុំគ្រួសារខ្ញុំវិញដែរ។ រាល់ថ្ងៃ រត់ទាំងយប់ទាំងថ្ងៃ ឈរហាលថ្ងៃហាលខ្យល់ ក្តៅរាប់ម៉ោងនៅមុខផ្ទះគេ ក្នុងសំលៀកបំពាក់ក៏ហប់ពិបាកដកដង្ហេីម ដើម្បីទទួលអ្នកជំងឺនិងដឹកយកទៅព្យាបាល។

អ្នកពាក់ម៉ាស់ថាហប់ពិបាកដកដង្ហើម តែខ្ញុំគិតថា វាងាយស្រួលឆ្ងាយណាស់ជាងដកដង្ហើមតាមបំពង់ខ្យល់។ អ្នកថាអផ្សុកណាស់នៅក្នុងផ្ទះ មិនបានជួបជុំមិត្តភក្តិ ដើរផឹកស៊ី ចូលហូបតាមហាងនានា តែខ្ញុំគិតថា ការនៅផ្ទះរបស់អ្នកវាងាយស្រួលឆ្ងាយណាស់ ឆ្ងាយជាងការរស់នៅក្នុងពេទ្យ។ សូមអ្នកយល់ថា ជីវិតអ្នកមានតម្លៃនៅពេលជំងឺមិនទាន់មកដល់ តែពេលអ្នកឆ្លងជំងឺ អ្នកនឹងយល់ថា ការជាសះស្បើយពីជំងឺ ពិតជាមានតម្លៃណាស់។ ដូច្នេះសូមអ្នករក្សាការអនុវត្តវិធានការ ៣ការពារ ៣កុំ របស់សម្តេចតេជោ ឱ្យបានខ្ជាប់ខ្ជួន ដើម្បីខ្លួនអ្នក គ្រួសារអ្នក សហគមន៍យើង និងក៏ដើម្បីខ្ញុំជាគ្រូពេទ្យដែរ។

ខ្ញុំលះបង់គ្រួសារ ស្នាក់នៅពេទ្យដើម្បីព្យាបាលអ្នកជំងឺហើយ តើអ្នកអាចជួយខ្ញុំដើម្បីកុំឱ្យក្លាយជាអ្នកជំងឺម្នាក់ទៀតបានទេ? អរគុណទុកជាមុន។

 

អត្ថបទដែលជាប់ទាក់ទង
Open

Close