សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណចំពោះ លោក ឈឿន ប៊ុនឆន ដែលផ្តល់បន្ទប់ស្នាក់នៅចំនួន៦៩បន្ទប់ ជូនកម្មករដោយមិនយកថ្លៃឈ្នួល
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាយប់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១នេះ បានចេញលិខិតថ្លែងអំណរគុណចំពោះលោក ឈឿន ប៊ុនឆន ដែលប្រកាសមិនយកថ្លៃឈ្នួលពីកម្មករ-កម្មការិនី ចំនួន៦៩បន្ទប់ នៅក្នុងដំណាក់កាលនៃការរីករាលដាលជំងឺកូវីដ១៩នេះ។ បន្ទប់ជួលទាំំងនោះមានទីតាំងស្ថិតនៅសង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល។
តាមរយៈលិខិតថ្លែងអំណរគុណរបស់សម្ដេចតេជោ ហ៊ុន សែន បានសរសេរយ៉ាងដូច្នេះថា «ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមថ្លែងអំណរគុណ និងកោតសរសើរដោយស្មោះចំពោះឯកឧត្តម ដែលមានសមានចិត្តជួយសម្រាលបន្ទុកកម្មករ កម្មការិនី តាមរយៈការផ្ដល់បន្ទប់ស្នាក់នៅដោយឥតគិតថ្លៃចំនួន៦៩បន្ទប់ រយៈពេលបីខែ ចាប់ពីខែមីនា ដល់ខែឧសភា ឆ្នាំ២០២១ ដែលបច្ចុប្បន្នប្រទេសយើងកំពុងត្រូវប្រឈមមុខទប់ទល់នឹងវិបត្តិដែលបង្កឡើងដោយជំងឺកូវីដ១៩»។
សូមជម្រាបថា កម្ពុជាកំពុងទទួលរងនូវការរីករាលដាល នៃជំងឺកូវីដ១៩យ៉ាងខ្លាំង ដោយបានធ្វើឲ្យប៉ះពាល់សេដ្ឋកិច្ច និងការរកទទួលទានរបស់ប្រជាពលរដ្ឋ ក៏ដូចជាប៉ះពាល់ដល់សេដ្ឋកិច្ចជាតិទាំងមូលផងដែរ។ ដូច្នេះការប្រកាសរបស់ម្ចាស់បន្ទប់ជួលខាងលើនេះ គឺពិតជាគំរូដ៏ល្អសម្រាប់ជួយសម្រាលបន្ទុកកម្មករ-កម្មការិនី ហើយទង្វើដ៏ប្រពៃបែបនេះទទួលបានការគាំទ្រពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងទទួលបានការសាទរពីប្រជាពលរដ្ឋខ្មែរផងដែរ។
រហូតដល់ពេលនេះ មានម្ចាស់បន្ទប់ជួលចំនួន៤នាក់ហើយ ដែលបានប្រកាសយកមិនថ្លៃឈ្នួលពីកម្មករ៖
ទី១៖ លោក ហេង វាសនា ម្ចាស់បន្ទប់ជួលចំនួន ៤៦បន្ទប់ រស់នៅភូមិទទឹង ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់
ទី២៖ លោក ឈឿន ប៊ុនឆន ម្ចាស់បន្ទប់ជួលចំនួន ៦៩បន្ទប់ នៅសង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល
ទី៣៖ លោក លឹម ជា ម្ចាស់បន្ទប់ជួល ២៧០បន្ទប់ នៅស្រុកក្រគរ ខេត្តពោធិ៍សាត់។
ទី៤៖ លោក មីន រស្មី ម្ចាស់បន្ទប់ជួល ៥៣បន្ទប់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង៕