សម្ភារៈ និងថវិការមួយចំនួន ប្រគល់ជូនរដ្ឋបាលឃុំក្រោលគោ ដើម្បីចាត់ចែងប្រគេនព្រះសង្ឃ ក្នុងសកម្មភាពវាយស្គរ រគាំង ដើម្បីដាស់ស្មារតីប្រជាពលរដ្ឋចូលរួមការពារជំងឺកូវីដ១៩
(ស្វាយរៀង)៖ នៅថ្ងៃទី២៥ ខែមិនា ឆ្នាំ២០២១ ក្រុមការងារចុះមូលដ្ឋានឃុំក្រោលគោ ស្រុកស្វាយជ្រំ លោក កែវ ច័ន្ទលី ប្រធានមន្ទីរព័ត៌មានខេត្ត អនុប្រធានក្រុមការងារចុះមូលដ្ឋានឃុំក្រោលគោ លោក សុខ សុទ្ធាវុធ ប្រធានមន្ទីរកសិកម្មរុក្ខប្រមាញ់ និងនេសាទខេត្ត អនុប្រធានក្រុមការងារចុះមូលដ្ឋានឃុំក្រោលគោ រួមនិងមន្ត្រីរាជការនៃមន្ទីរ បាននាំយកនូវថវិកា និងសម្ភារៈប្រគល់ជូនរដ្ឋបាលឃុំ សម្រាប់ប្រគេនព្រះសង្ឃចំនួន៤វត្ត ក្នុងសកម្មភាពវាយគង ជូង រគាំង ទូងស្គរ ដើម្បីដាស់ស្មារតីប្រជាពលរដ្ឋឲ្យចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ1១៩ក្នុងសហគមន៍។
ចំពោះសម្ភារៈថវិកាដែលយកទៅប្រគេនព្រះសង្ឃតាមរយៈរដ្ឋបាលឃុំក្រោលគោ មានចំនួន៤វត្ត នៅក្នុង១វត្តៗទទួលបាន: ទឹកសុទ្ធ ១០កេស, ទឹកក្រូច ៥កេស, អង្ករ ២បាវស្មើនឹង ១០០គីឡូក្រាម, មីម៉ាម៉ាខ្មែរ ២កេស, តែ១សុង, ស្ករស ៥kg និងថវិកា ១២០,០០០រៀល ។
លោក សុខ សុទ្ធាវុធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្ត អនុប្រធានក្រុមការងារចុះមូលដ្ឋានឃុំក្រោលគោ ស្រុកស្វាយជ្រំបានឲ្យដឹងថា សម្ភារៈថវិកាដែលយកមកសម្រាប់ប្រគេនព្រះសង្ឃទាំងបួនវត្តនេះ គឺបានមកពីការជួយឧបត្ថម្ភរបស់មន្ត្រីរាជការក្រុមការងារមន្ទីរ និងមន្ទីរព័ត៌មានខេត្តស្វាយរៀង ក្នុងគោលបំណងជួយដល់ព្រះសង្ឃនៅតាមទីវត្តអារាមនានា ដែលមានការខ្វះខាតក៏ដូចជាការលើកទឹកចិត្តជួយដល់ព្រះសង្ឃដែលបានចូលរួមសកម្មភាពវាយគង ទូងស្គរ ដើម្បីដាស់ស្មារតីប្រជាពុទ្ធបរិស័ទក្នុងក្នុងមូលដ្ឋានដើម្បីចូលរួមការពារទប់ស្កាត់ការឆ្លងជំងឺ covid-១៩ និងអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សារាចរណែនាំរបស់ក្រសួងធម្មការ និងសាសនា ស្ដីពីកាវាយគង ទូងស្គរ រគាំង តាមវត្តអារាមនានា ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ1១៩ ក្នុងសហគមន៍នៃព្រឹត្តិការណ៍ ២០កុម្ភៈ និងអនុវត្តវិធានការក្រសួងសុខាភិបាល “៣ការពារ ៣កុំ”។
លោក ភោគ វណ្ណថន មេឃុំក្រោលគោ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះក្រុមការងារចុះមូលដ្ឋានឃុំក្រោលគោ ដែលមានថ្នាក់ដឹកនាំ និងមន្ត្រីរាជការមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្ត និងមន្ទីរព័ត៌មានខេត្ត បានជួយឧបត្ថម្ភនូវសម្ភារៈថវិកាខាងលើ ដើម្បីចូលរួមក្នុងការការពារនិងទប់ស្កាត់ការឆ្លងជំងឺcovid-១៩ ៕ ដោយ: ខ្លាខ្មៅ