អ្នកវិជ្ជមានជំងឺកូវីដ១៩ ដែលជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ កើនឡើងដល់ចំនួន ៥នាក់ ហើយ នៅខេត្ត…!
ខេត្តសៀមរាប៖ តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ដែលបានចេញនៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា មានអ្នករស់នៅក្នុងក្រុងសៀមរាបចំនួន០២នាក់បន្ថែមទៀត ត្រូវបានរកឃើញវិជ្ជមានជំងឺកូវីដ-១៩ នៅថ្ងៃនេះ ដែលជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ក្នុងនោះ ៖ ទី១គីជាស្រ្តី អាយុ៣៨ឆ្នាំ ទីលំនៅបច្ចុច្បន្នក្នុងសង្កាត់ស្លក្រាម ក្រុងសៀមរាប និង ទី២ ជាកុមារា អាយុ១៣ឆ្នាំ ទីលំនៅបច្ចុច្បន្នក្នុងសង្កាត់ស្លក្រាម ក្រុងសៀមរាប ។
សេចក្តីប្រកាសព័ត៌មាន បានបញ្ជាក់ទៀតថា ថ្ងៃនេះបានរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីរហូតដល់ ចំនួន៣៥នាក់ ក្នុងនោះ ករណីឆ្លងក្នុង «ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ» ចំនួន៣៣ករណី ក្នុងនោះខេត្តព្រះសីហនុ ចំនួន ១៧ នាក់ រាជធានីភ្នំពេញចំនួន ១៤ នាក់ និង ខេត្តសៀមរាប ចំនួន ០២ នាក់ និង ចំនួន២នាក់ទៀតជាករណីនាំចូល ខណៈអ្នកជំងឺរហូតដល់ចំនួន៣២នាក់បានជាសះស្បើយ ព្រមទាំងបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យផងដែរ ។
សូមបញ្ជាក់ថា គិតមកទល់ព្រឹកថ្ងៃទី២២ ខែមីនានេះ ខេត្តសៀមរាប មានករណីវិជ្ជមានជំងឺកូវីដ-១៩ ក្នុង«ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ» ចំនួន០៣នាក់ ក្នុងនោះករណីលើកទី០១ ជាស្ត្រី ទីលំនៅបច្ចុប្បន្នក្នុងឃុំសំរោងយា ស្រុកពួក ដែលមានអ្នកពាក់ព័ន្ធត្រូវបានរកឃើញប្រមាណជាង ២០នាក់ ប៉ុន្តែទទួលបានលទ្ធផលអវិជ្ជមានទាំងអស់ ចំនួន២លើករួចហើយ , ករណីលើកទី០២ ជាបុរស ទីលំនៅបច្ចុច្បន្នក្នុងសង្កាត់គោកចក ក្រុងសៀមរាប ដែលមានអ្នកពាក់ព័ន្ធត្រូវបានរកឃើញ ប្រមាណ ៤០០នាក់ ត្រូវបានក្រុមគ្រូពេទ្យចាត់ចែងយកសំណាក និងប្រឹក្សាសុខភាព ព្រមទាំងតម្រូវឱ្យធ្វើចត្តាឡីស័កនៅតាមមណ្ឌលចត្តាឡីស័ក និងនៅតាមផ្ទះផងដែរ , ករណីលើកទី០៣ ជាបុរស ទីលំនៅបច្ចុច្បន្នក្នុងសង្កាត់ស្លក្រាម ក្រុងសៀមរាប ដែលមានអ្នកពាក់ព័ន្ធចំនួន ២៤នាក់ ត្រូវបានយកសំណាកទៅធ្វើតេស្ដ , ករណីលើកទី០៤ ជាស្ត្រី ទីលំនៅបច្ចុច្បន្នក្នុងសង្កាត់ស្លក្រាម ក្រុងសៀមរាប ដែលត្រូវជាប្រពន្ធអ្នកវិជ្ជមានជំងឺកូវីដ-១៩ លើកទី៣ និង ករណីលើកទី៥ ជាប្រុស ទីលំនៅបច្ចុច្បន្នក្នុងសង្កាត់ស្លក្រាម ក្រុងសៀមរាប ដែលត្រូវជាកូនអ្នកវិជ្ជមានជំងឺកូវីដ-១៩ លើកទី៣ ហើយអាជ្ញាធរកំពុងធ្វើការស្រាវជ្រាវ រកអ្នកពាក់ព័ន្ធ ។
សូមជម្រាបថា គិតត្រឹមម៉ោង៧ព្រឹកថ្ងៃទី២៣ខែមីនា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ១.៧៨៨នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៩៩៩នាក់, អ្នកកំពុងសម្រាកព្យាបាលចំនួន ៧៨៣នាក់ និង អ្នកស្លាប់ដោយសារកូវីដ១៩ ចំនួន០៥នាក់ ៕ ដោយ រឿន សុវណ្ណារ៉ា