មន្ត្រីជំនាញរកឃើញទំនិញមានសារធាតុគីមី ដាក់ក្នុង ពពុះសណ្តែក មានសារធាតុ( Borax )

ស្វាយរៀង៖ ដើម្បីចូលរួមលើកកម្ពស់សុខមាលភាពប្រជាពលរដ្ឋ និងជិតដល់ថ្ងៃចូលឆ្នាំថ្មីប្រពៃណីខ្មែរខាងមុខនេះ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ មន្ត្រីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំខេត្តស្វាយរៀង ដឹកនាំដោយលោក ផឹង និល ប្រធានសាខា (ក ប ប)ខេត្ត បានសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត និង អាជ្ញាធរដែនដី បានចុះត្រួតពិនិត្យទំនិញផលិតផលម្ហូបអាហារ និងទំនិញវ៉ិចខ្ចប់ស្រាប់ នៅតាមបណ្ដាស្តង់ដាក់តាំងលក់ក្នុងផ្សារស្វាយជ្រំ ស្រុកស្វាយជ្រំ ខេត្ត ស្វាយរៀង។

លោក ផឹង និល បានឲ្យដឹងថា សកម្មភាពការងារ ត្រួតពិនិត្យ មន្ត្រីជំនាញយើងបានពិនិត្យគ្រឿងឧបភោគ បរិភោគនៅតាម ស្តង់ក្នុងផ្សារតាំងលក់ទំនិញមួយចំនួន និងបានប្រើប្រាស់ឧបករណធ្វើ Test Kits បឋមលើម្ហូបអារហា ចំនួន ១៩គំរូ ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ដែលធ្វើអោយប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ។

លោកបានបញ្ជាក់ថា ជាលទ្ធផលក្រោយការចុះអនុវត្តការងារ  មន្ត្រីជំនាញយើងបានរកឃើញទំនិញមានសារធាតុគីមីដាក់ក្នុង ពពុះសណ្តែកចំនួន ៥Kg សារធាតុគីមី ( Borax ) ហើយមន្ត្រីជំនាញយើងបានធ្វើកំណត់ហេតុដកហូតទំនិញទាំងនោះយកមករក្សាទុកដើម្បីធ្វើការដុតកម្ទេចចោលនៅពេលក្រោយ ។

លោកបានថ្អោយដឹងបន្តថា ដោយសារកន្លងមកមន្ត្រីជំនាញយើងបានចុះអង្កេតនៅតាមទីផ្សារញឹកញាប់ដូច្នេះអាជីវករមួយចំនួននៅខេត្តស្វាយរៀង មានការយល់ដឹងខ្ពស់ក្នុងការលក់ទំនិញគ្រប់ប្រភេទគោរពទៅតាមការណែនាំរបស់មន្ត្រីជំនាញយើងគឺធ្វើយ៉ាងណាកុំលក់ទំនិញដែលខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់ ជាពិសេសពពុះសណ្ដែក ដែលមានសារធាតុគីមីត្រូវបញ្ឈប់លក់ជាបន្ទាន់ព្រោះនាំឲ្យគ្រោះថ្នាក់ដល់សុខភាពរបស់ប្រជាពលរដ្ឋយ៉ាងធ្ងន់ធ្ងរ។

លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខនេះត្រូវបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់ក្នុងការទិញទំនិញ ជាពិសេសស្លាដក់ និងទំនិញហូបចុកប្រចាំថ្ងៃ ត្រូវពិនិត្យមើលកាលបរិច្ឆេទឲ្យបានច្បាស់លាស់មុននឹងទិញយកទៅបរិភោគ។

សូមបញ្ជាក់ថាមន្ត្រីជំនាញសាខា(ក ប ប) ក៏បានចែកស្ទីកគ័របិទ នៅតាមស្តង់លក់ទំនិញមួយចំនួននៅផ្សារស្វាយជ្រំ ដើម្បីបង្កើនការយល់ដឹងអំពីការលក់ទំនិញវេចខ្ចប់ស្រាប់ និងផលប៉ះពាល់នូវទំនិញដែលខូចគុណភាព៕ ដោយ:ខ្លាខ្មៅ

អត្ថបទដែលជាប់ទាក់ទង
Open

Close