ខេត្តស្វាយរៀង៖ ករណីក្មេងស្រីអាយុ៨ឆ្នាំម្នាក់ បានស្លាប់ពាក់កណ្តាលផ្លូវ នៅពេលដែលក្រុមគ្រួសារបញ្ជួនទៅសង្គ្រោះនៅមន្ទីរពេទ្យរាជធានីភ្នំពេញ និងក្មេងប្រុសស្រី៣នាក់ទៀតមរងរបួសស្រាលខណៈដែលនាំគ្នាតោងលេងទ្វាររបងដែកហើយបណ្តាលរលំសង្កត់ពីលើតែម្តង ករណីនេះបានកើតឡើងកាលពីវេលាម៉ោង១៦:៤៥នាទីថ្ងៃទី២២ ខែមិនា ឆ្នាំ២០២១ នៅភូមិព្រៃទទឹង ឃុំប្រសូត្រ ស្រុកស្វាយទាប ខេត្តស្វាយរៀង។
បើយោងតាមសាច់ញាតិជនរងគ្រោះបានឲ្យដឹងថា៖ នៅមុនពេលកើតហេតុគេឃើញក្មេងប្រុសស្រីរងគ្រោះខាងលើបាននាំគ្នាលេងនៅក្បែររបង ហើយបានឡើងតោងលេងបណ្តាលឲ្យទ្វាររបងរលំសង្កត់ទាំង៤នាក់ រងរបួសធ្ងន់ម្នា់ស្រាល៣នាក់ ប៉ុន្តែអកុសល្យក្មេងស្រីអាយុ៨ឆ្នាំម្នាក់ បានស្លាប់បាត់បង់ជីវិត នៅតាមផ្លូវពេលដែលក្រុមគ្រួសារបញ្ជួនទៅមន្ទីរពេទ្យ។
ប្រភពបានបន្តទៀតថា៖ ក្មេងស្រីដែលបានស្លាប់ក្នុងហេតុការណ៍រលំទ្វារបងសង្កត់លើ នោះមានឈ្មោះ ឃិន ធីតា ភេទស្រី អាយុ៨ឆ្នាំ មុខរបរសិស្ស ឪពុកឈ្មោះ ឆាយ ចាន់លី អាយុ ៣៩ឆ្នាំ មុខរបរលក់ពងមាន់ ម្ដាយឈ្មោះ ប្រាក់ ស៊ីនួន អាយុ ៣៧ឆ្នាំ មុខរបររោងចក្ររស់នៅភូមិព្រៃទទឹង ឃុំប្រសូត្រ ស្រុកស្វាយទាប ខេត្តស្វាយរៀង (ស្លាប់នៅពេលបញ្ជួនទៅមន្ទីពេទ្យ) ។
ចំណែកក្មេងចំនួន៣នាក់ផ្សេងទៀត៖
ទី១.ឈ្មោះ ចិត្រ សុខនីសា ភេទស្រី អាយុ៩ឆ្នាំ មុខរបរសិស្ស(រងរបួសស្រាល)
ទី២.ឈ្មោះ ចិត្រ ពិសិដ្ឋ ភេទប្រុស អាយុ២ឆ្នាំ មុខរបរក្នុងបន្ទុក(រងរបួសស្រាល)
៣.ឈ្មោះ វីរះ ទេពី ភេទស្រី អាយុ៧ឆ្នាំ មុខរបរសិស្ស(រងរបួសស្រាល)។
អ្នកទាំង៤នាក់ទៅលេងទ្វារបងផ្ទះឈ្មោះ ឡឹក ចិត្រ ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរអ្នកបើកបរ រស់នៅភូមិឃុំជាមួយគ្នា ក៏បានរលំទ្វារបងសង្កត់តែម្ដង ក្រោយពីទទួលបានព័ត៌មានភ្លាមសមត្ថកិច្ចបានចុះទៅពិនិត្យដល់កន្លែងកើតហេតុ។ បច្ចុប្បន្នសពក្មេងស្រីរងគ្រោះត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី រីឯអ្នករងគ្រោះកំពុងសម្រាកព្យាបាល ៕ ដោយ:ខ្លាខ្មៅ