ភ្នំពេញ៖ ដើម្បីជួយសម្រាលបន្ទុកក្នុងគ្រួសារ និងគិតគូរដល់អនាគតដ៏វែងឆ្ងាយរបស់ក្មួយៗ ថ្ងៃនេះ អ៊ំសូមផ្តល់អាហារូបករណ៍ ១០០% ជូនដល់ក្មួយៗទាំង ២នាក់ ដែលត្រូវជាកូនរបស់លោក គឹម ឃីសុន ជនរងគ្រោះទី៣ ដែលបានទទួលមរណភាពដោយសារជំងឺកូវីដ-១៩ ឲ្យមានឱកាស បានមកបន្តការសិក្សានៅ សាលា ប៊ែលធី អន្តរជាតិ មួយចប់កម្មវិធីសិក្សាទាំងថ្នាក់ចំណេះទូទៅ (ថ្នាក់ទី១ ដល់ទី១២) និងភាសាអង់គ្លេសទូទៅ (Preschool ដល់ Level 12) ក្នុងនោះ៖
១-ក្មួយស្រី គឹម សុលី ជាសិស្សសាលា ប៊ែលធី អន្តរជាតិទី១០ (សាខាអាងទឹកអូឡាំពិក) ត្រូវចូលរៀនបន្ត ថ្នាក់ចំណេះទូទៅ ទី១១ និងភាសាអង់គ្លេសទូទៅ Level 6
២-ក្មួយស្រី គឹម សុលីន ត្រូវចូលរៀនថ្នាក់ចំណេះទូទៅ ទី២ និងភាសាអង់គ្លេសទូទៅ Preschool 1
ព្រមទាំងថវិកាចំនួន ៣,០០០,០០០៛ (បីលានរៀល) ផងដែរ។
អ៊ំសូមលើកទឹកចិត្តក្មួយៗ ត្រូវខិតខំសិក្សារៀនសូត្រ ដើម្បីបំពេញបំណងប្រាថ្នារបស់លោកឪពុក និងតបស្នងសងគុណអ្នកម្តាយដែលកំពុងបីបាច់ថែរក្សាក្មួយៗ សព្វថ្ងៃនេះ ជាពិសេស គឺដើម្បីអនាគតដ៏វែងឆ្ងាយរបស់ក្មួយៗខ្លួនឯងផ្ទាល់។ ហើយសូមក្មួយៗ កុំបារម្ភ បើទោះបីក្មួយៗ ជាកូនកំព្រាឪពុកក៏ពិតមែន តែក្មួយៗនៅមាន ម្តាយ ព្រមទាំងគណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ នៃសាលា ប៊ែលធី អន្តរជាតិទាំងអស់ ចាំជួយទំនុកបម្រុងក្មួយៗ រហូតដល់រៀនចប់ចុងចប់ដើម។ សូមបួងសួងដល់ដួងវិញ្ញាណក្ខន្ធសព សូមបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។