លោក ឌី រ័ត្នខេមរុណ ចុះណែនាំអប់រំ ប្អូនស្រី ២នាក់បងប្អូន អោយបញ្ឈប់សកម្មភាព បោសសំរាមចូលមាត់លូបង្ហូរទឹក ទៀត!

ភ្នំពេញ៖ បន្ទាប់ពីទទួលបានព័ត៌មានអំពី សកម្មភាពបោសកាកសំណល់សំរាមសល់ពីការលក់ដូរបាយឆាមីឆាពេលយប់ ចូលទៅក្នុងមាត់លូបង្ហូរទឹករួចមក នៅវេលាព្រឹកថ្ងៃទី ២២ ខែ មិនា ឆ្នាំ២០២១នេះ អាជ្ញាធរខណ្ឌមានជ័យ ដឹកនាំដោយលោក ឌី រ័ត្នខេមរុណ បានចុះទៅណែនាំបុគ្គល ២នាក់ដែលបានបោសសំរាមចូលក្នុងលូ ធ្វើកិច្ចសន្យាអោយបញ្ឈប់សកម្មភាពមិនល្អនេះតទៀត ។

អ្នកលក់បាយឆាមីឆា ២នាក់បងប្អូនខាងលើ មានឈ្មោះ លី សារ៉េត ភេទស្រី អាយុ២៧ឆ្នាំ និង ម្នាក់ទៀតជាប្អូនបង្កើតមានឈ្មោះ លី មៃឃ័រ អាយុ២៤ឆ្នាំ ។ អ្នកទាំង២ស្នាក់នៅផ្ទះជួលម្តុំកន្លែងលក់របស់ពួកគាត់ ដែលស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ២ ក្បែរស្តុបវត្តចាក់អង្រែក្រោម ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ។

នៅចំពោះមុខ អាជ្ញាធរមូលដ្ឋានខណ្ឌមានជ័យ បងប្អូនបង្កើតទាំង២នាក់បានទទួលស្គាល់នូវកំហុសដែលបានប្រព្រឹត្តិ ដោយពួកគេបានបោសសំរាមចូលទៅក្នុងមាត់លូប្រាកដមែន នឹង បានធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពនេះទៅពេលខាងមុខបន្តទៀតហើយ ប្រសិនបើមានសកម្មភាពនេះនៅលើកក្រោយទៀត ពួកគេសូមទទួលខុសត្រូវចំពោះវិធានការណ៍របស់អាជ្ញាធរខណ្ឌ ។

ក្នុងឱកាសនោះ លោកឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ បានធ្វើការអប់រំដល់បុគ្គលទាំង២នាក់ អោយពួកគេបញ្ឈប់សកម្មភាពនេះទៀត ព្រោះវាជាគំរូមិនល្អ ជះឥទ្ធិពលអាក្រក់ ដល់បរិស្ថានសង្គមជាតិ និងអាចកក់ស្ទះប្រពន្ធ័លូផងដែរ ។

ក្នុងនាមអាជ្ញាធរ ក៏បានពន្យល់ណែនាំអោយពួកគេ ត្រូវកែខ្លួនមកជាបុគ្គលត្រឹមត្រូវវិញ ត្រូវចូលរួមចំណែកជាមួយសង្គមជាតិ ក្នុងការចូលរួមថែរក្សាបរិស្ថានអនាម័យ ដោយត្រូវវិចខ្ចប់ទុកដាក់សំរាមដែលសេសសល់ពីការលក់ដូរ និងប្រើប្រាស់ទុកដាក់មួយកន្លែងអោយបានត្រឹមត្រូវ ដើម្បីអាចអោយរថយន្តស៊ិនទ្រីធ្វើការចុះទៅប្រមែប្រមូល ជៀសវាងការបោះចោលសំរាមពាសវាលពាសកាល ពិសេសនោះ ការបោសសំរាមចូលទៅក្នុងមាត់លូដូចសកម្មភាពរបស់ពួកគេជាដើម ដែលជាហេតុធ្វើអោយប្រព័ន្ធលូបង្ហូរទឹកត្រូវទទួលរងការកកស្ទះ មិនអាចហូរទឹកបាន ៕

អត្ថបទដែលជាប់ទាក់ទង
Open

Close