អភិបាលខេត្តកណ្ដាល ទទួលអំណោយពី អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា

ខេត្តកណ្ដាល៖ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានឧបត្ថម្ភសម្ភារៈ និងថវិកា សម្រាប់ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ មាន៖ អាល់កុល១០កាន ម៉ាស់១០ម៉ឺនម៉ាស់ អង្ករ១០តោន និងថវិកា៣ម៉ឺនដុល្លារ ជូនដល់រដ្ឋបាលខេត្តកណ្ដាល។
ព្រឹកថ្ងៃទី២២ ខែមិនា ឆ្នាំ២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល អនុញ្ញាតឱ្យ ឧកញ៉ា ឡេង ណាវ៉ាត្រា និងលោក ហេង ឡុង ចូលជួបសំណេះសំណាល និងនាំយកនូវ សម្ភារៈ និងថវិកា មួយចំនួន ជូនដល់រដ្ឋបាលខេត្តកណ្ដាល សម្រាប់ប្រយុទ្ធប្រឆាំង ក្នុងការឆ្លងរាលដាលនូវជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រខេត្តកណ្ដាល។

មានប្រសាសន៍នាឱកាសនោះដែរ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុត ចំពោះទឹកចិត្តប្រកបដោយសប្បុរស ពោរពេញដោយសទ្ធាជ្រះថ្លារបស់ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងលោក ហេង ឡុង ដែលបានចំណាយនៅថវិកា និងទ្រព្យសម្បត្តិផ្ទាល់ខ្លួន ក្នុងការជួយដល់សង្គមជាតិ តាមរយៈរដ្ឋបាលខេត្តកណ្ដាល ដែលនេះគឺជាកាយវិការឆ្លុះបញ្ចាំងពី គុណធម៌ សប្បុរសធម៌ ការចេះជួយគ្នាក្នុងគ្រាលំបាក ពិសេសបានទាន់ពេលវេលា។

ឯកឧត្តមអភិបាលខេត្ត ក៏បានអំពាវនាវដល់ បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមចូលរួម ជាមួយអាជ្ញាធរខេត្ត ដោយអនុវត្តវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាល ដើម្បីរួមគ្នាបង្ការ ការពារ និងទប់ស្កាត់ជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រខេត្តកណ្ដាល ក៏ដូចជាទូទាំងប្រទេសផងដែរ។

ជាងនេះទៅទៀត ឯកឧត្តមអភិបាលខេត្ត ក៏បានអំពាវនាវយ៉ាងទទូច សូមឱ្យប្រជាពលរដ្ឋ ដែលបានដឹងខ្លួន ថាបានប៉ះពាល់ដល់ផ្ទាល់ ឬប្រយោល នៅព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ សូមសហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីមកធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវ តាមការណែនាំរបស់ក្រសួងសុខាភិបាល ទន្ទឹមនឹងនេះប្រសិនបើបងប្អូនប្រជាពលរដ្ឋ មិនមានការចាំបាច់នោះទេ សូមបងប្អូនកុំចេញពីផ្ទះ និងមិនត្រូវនៅកន្លែងទីប្រជុំជនឡើយ ព្រោះថាព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈនេះ យើងសង្កេតឃើញថានៅតែមានការកើនឡើងជាបន្តបន្ទាប់ នូវអ្នកដែលមានផ្ទុកជំងឺកូវីដ-១៩នៅឡើយ។

អត្ថបទដែលជាប់ទាក់ទង
Open

Close