ខេត្តកណ្តាល៖ គិតត្រឹមរសៀលថ្ងៃទី២០ ខែមិនា ឆ្នាំ២០២១នេះ ប្រជាពលរដ្ឋ មានការសង្ស័យថា ករណីលួចសាងសង់់ឃ្លាំង មួយកន្លែង មានលក្ខណៈមើលទៅស្រដៀងនឹងរោងចក្រ នៅចំណុចតាមផ្លូវចូលវត្តប្រាសាទប្រាំ ភូមិព្រែកតានប់ ឃុំកំពុងស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
យោងតាមប្រភពពីពលរដ្ឋដែល សុំមិនបញ្ចេញឈ្មោះ បានខ្សឹបប្រាប់ អោយដឹងថា នៅក្នុងភូមិរបស់គាត់គឺភូមិព្រែកតានប់ មានឃ្លាំងមួយធំណាស់កំពុងសាងសង់ ហើយឃ្លាំងនោះស្រដៀងរោងចក្រ ដែលពួកគាត់មានការសង្ស័យថា ជាការសាងសង់ អត់ច្បាប់អនុញ្ញាតត្រឹមត្រូវនោះទេ។
ជាក់ស្តែងនៅរសៀលថ្ងៃទី២០ ខែមិនានេះ អ្នកព័ត៌មានយើង បានទូរស័ព្ទតាមប្រព័ន្ធ Cell Card ដើម្បីសុំការអនុញ្ញាតសួរលោកប្រធានមន្ទីរ រៀបចំដែនដីនគរូបនីយកម្ម និងសំណង់ខេត្តកណ្ដាល សុំជួយបំភ្លឺពាក់ព័ន្ធករណីខាងលើនេះ ក៏ប៉ុន្តែលោកប្រធានមន្ទីររូបនេះ បានឆ្លើយថា ចាំលោកសួរខាងភូមិបាលសិន ថាតើមានឯកសារយកមកដល់លោកហើយ ឬនៅ?។
ដោយទន្ទឹងរងចាំយូរទៅៗ នៅវេលាម៉ោង៤ និង២៨នាទីថ្ងៃទី២០ ខែមិនានេះ ដដែល អ្នកព័ត៌មានយើង បានព្យាយាមសុំកិច្ចសហការផ្ដល់ព័ត៌មាន ឬសុំឲ្យលោកប្រធានមន្ទីរ រៀបចំដែនដីរូបនេះជួយសហការបំភ្លឺរឿងការសាងសង់ឃ្លាំងខាងលើនេះ តាមប្រព័ន្ធតេលេក្រាម។ ដោយមើលឃើញថា លោកប្រធានមន្ទីរបានចូលមើលនិងអាចស្ដាប់ហើយ ប៉ុន្តែមិនឆ្លើយតបនឹងសំណួររបស់យើងខ្ញុំទាល់តែសោះ ឬមួយពិតដូចជាការលើកឡើងរបស់ប្រជាពលរដ្ឋមែន ដែលថា ឃ្លាំងខាងលើនោះ ពិតជាអត់មានច្បាប់អនុញ្ញាតត្រឹមត្រូវពិតប្រាកដមែន ព្រោះថា សូម្បីតែប្រធានមន្ទីរ រៀបចំដែនដីនគរូបនីយកម្ម និងសំណង់ខេត្តកណ្ដាលរូបនេះក៏មិនហ៊ានឆ្លើយជុំវិញរឿងនេះដែរ ឬមួយកំពុងរកលេសឆ្លើយដោះសារដាក់គ្នា?។
ទោះបីជាយ៉ាងនេះក្តី ទាំងប្រជាពល សំនូមពរដល់ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល ឯកឧត្តម គង់ សោភ័ណ្ឌ មេត្តាចាត់មន្ត្រីជំនាញចុះត្រួតពិនិត្យនិងស្រាវជ្រាវករណីខាងលើនេះដោយក្ដីអនុគ្រោះ ដើម្បីឲ្យទាំងប្រជាពលរដ្ឋ និងអ្នកព័ត៌មានយើង បានអស់ចម្ងល់ផង ពីព្រោះថា ប្រទេសកម្ពុជា មានច្បាប់ភូមិបាលត្រឹមត្រូវ ប៉ុន្តែហេតុអ្វីបានជាមានការសាងសង់ឃ្លាំងរាប់សិបម៉ែត្រការ៉េមិនមានច្បាប់អនុញ្ញាតយ៉ាងដូច្នេះទៅវិញ?៕