សមត្ថកិច្ចចម្រុះ ចុះបង្រា្កបទីតាំងលួចក្លែងបន្លំចែកចាយផលិតផលម៉ាក NNP មួយចំនួន នៅក្នុងផ្សារលើធំថ្មី ក្នុងខេត្តសៀមរាប
ខេត្តសៀមរាប៖ សមត្ថកិច្ចនគរបាលខេត្តសៀមរាប បានឲ្យដឹងថា នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ ២០២១នេះ នគរបាលប្រឆាំងបទល្មើសក្លែងបន្លំនៃក្រសួងមហាផ្ទៃ និងសមត្ថកិច្ចចម្រុះផែនការងារនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី ម៉ក់ ធារ៉ា ស្នងការរងនគរបាលខេត្តសៀមរាប និងមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញារង ថេង សំណាង បានចុះប្រតិបត្តិការបង្រ្កាបទីតាំងលក់ចែកចាយផលិតផលម៉ាក NNP ក្លែងក្លាយ មានទីតាំងស្ថិតនៅតូបលេខ០៤ ក្នុងផ្សារលើធំថ្មី ក្រុងសៀមរាប និងកន្លែងផ្សេងៗទៀតដែលបានធ្វើការលក់ និងចែកចាយផលិតផលម៉ាកក្លែងក្លាយនេះទៅទូទាំងខេត្តសៀមរាប ។
សមត្ថកិច្ច បានឲ្យដឹងទៀតថា យោងតាមពាក្យបណ្តឹងរបស់ឈ្មោះ ទ្រី ដាណា ជាអគ្គនាយិកា ក្រុមហ៊ុនដាណា ទ្រី ខេមបូឌា ត្រេឌីងខូអិលធីឌី ដែលមានការបញ្ជាក់ពីក្រុមមេធាវី អេជ អេន អេស ផងនោះ បានឲ្យថា ជារឿយៗ កាលពីពេលកន្លងមក តំណាងក្រុមហ៊ុនបានចុះណែនាំច្រើនលើកមកហើយ ឲ្យឈប់ធ្វើសកម្មភាពទាំងនេះ តែម្ចាស់តូបខាងលើមិនអនុវត្តតាម ហើយបើយោងតាមដើមបណ្តឹងនោះ បានទាមទារឲ្យផ្តន្ទាទោសជនសង្ស័យតាមច្បាប់ឲ្យខានតែបានយ៉ាងធ្ងន់ធ្ងរ និងទារសំណងជំងឺចិត្តនូវទឹកប្រាក់ចំនួន១០ម៉ឺនដុល្លារអាមេរិកទៀតផង ។
សមត្ថកិច្ច បានឲ្យដឹងបន្ថែមថា ខណៈពេលនេះ សមត្ថកិច្ចកំពុងធ្វើកំណត់ហេតុប្រមូលវត្ថុតាង និងកសាងសំណុំរឿងបញ្ចូនទៅតុលាការ ប៉ុន្តែទោះជាយ៉ាងណាក៍ដោយ សមត្ថកិច្ចនៅតែបន្តទៅឆែកឆេរនៅទីតាំងឃ្លាំងផ្ទុកមួយកន្លែងទៀត រីឯម្ចាស់តូបអាចនឹងត្រូវបានឃាត់ខ្លួន ៕
ប្រភព: មន្ទីព័ត៌មានខេត្តសៀមរាប