ភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៥កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១
រដ្ឋបាលខណ្ឌចំការមន បានរៀបចំពិធីទទួលអំណោយនូវគ្រឿងឧបភោគ-បរិភោគរបស់ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្គេត គ្រុប ក្រោមអធិបតិភាពលោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌចំការមន និងលោក ហ្កាប្រ៊ិល តាន់ តំណាងក្រុមហ៊ុន ព្រីនស៍ រៀល អ៉ីស្គេត គ្រុប ដោយមានការចូលរួមពីលោក-លោកស្រីអភិបាលរងខណ្ឌ, លោកនាយក-នាយករងរដ្ឋបាលខណ្ឌ, លោក-លោកស្រីប្រធាន-អនុប្រធានការិយាល័យ-អង្គភាពចំណុះរដ្ឋបាលខណ្ឌ, លោកអធិការរងនគរបាលខណ្ឌ, លោកមេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌ លោកចៅសង្កាត់ទាំង០៥ និងបុគ្គលិកក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្គេត គ្រុប។
អំណោយនូវគ្រឿងឧបភោគ-បរិភោគដែលរដ្ឋបាលខណ្ឌចំការមន ទទួលពីក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្គេត គ្រុប រួមមាន៖
-អង្ករ ចំនួន ៨០៤ប៉ាវ ស្មើនឹង ១៦,០៨០គីឡូក្រាម
-មី ចំនួន ៨០៤កេស
-ទឹកស៊ីអ៉ីវ ចំនួន ៨០៤យួរ
-ទឹកត្រី ចំនួន ៨០៤យួរ
-ទឹកសុទ្ធ ចំនួន ៥០០កេស
-ទឹកភេសជ្ជៈ ចំនួន ២០០កេស
ហើយអំណោយខាងលើនេះ គឺសម្រាប់រដ្ឋបាលខណ្ឌ យកទៅចែកជូនដល់បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួណ៨០៤ គ្រួសារ ក្នុងដំណាក់កាល នៃការររីករាលដាលជំងឺកូវីដ-១៩ និងចែកជូនដល់កម្លាំងការពារនៅតាមគោលដៅដែលកំពុងធ្វើចត្តាឡីស័ក ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ សហគមន៍ ២០កុម្ភៈ ឆ្នាំ២០២១ នៅក្នុងមូលដ្ឋានខណ្ឌចំការមន។
ជាមួយគ្នានោះដែរ ក្នុងនាមរដ្ឋបាលខណ្ឌចំការមន សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់ ក្រុមហ៊ុន ព្រីនស៍ រៀល អ៉ីស្កេត គ្រុប ដែលបានឧបត្ថម្ភនូវនូវគ្រឿងឧបភោគ-បរិភោគទាំងខាងលើ។
រដ្ឋបាលខណ្ឌចំការមន សូមគោរពជូនពរដល់ ក្រុមហ៊ុន ព្រីនស៍ រៀល អ៉ីស្កេត គ្រុប ជួបប្រកបនូវពុទ្ធពរទាំង ០៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។