ខេត្តស្ទឹងត្រែង៖ បុរសម្នាក់ស្លាប់ ភ្លាមៗខណ: យកអង្រឹងមកចង និងបង្គោលឈើពុកដែលគេទុកចោលយូរហើយ នៅជាប់ និងខ្ទមទុកចោលនៅមាត់ទន្លេ ក្រោយចងរួចក៍ជិះ ភ្លាមបានធ្វើឲ្យបង្គោលនោះបាក់ បោកក្បាល ទៅនិងដីបណ្ដាលឲ្យស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ។
ជនរងគ្រោះខាងលើនោះមកពីខេត្តរតន:គីរី មកលេងបងប្អូន នៅចំណុចភូមិសេសាន ឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១។
បើតាមរបាយការណ៍របស់មន្ត្រីប៉ុស្តិ៍នគរបាល បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះម៉ង ថាវ ភេទប្រុសអាយុ៦០ឆ្នាំ មានទីលំនៅភូមិម៉ារ៉ាច ឃុំប៉ាអរ ស្រុកអូរជុំ ខេត្តរតន:គីរី បានមកលេងបងប្អូននៅភូមិឃុំកើតហេតុខាងលើ គាត់បានយកអង្រឹងក្រណាត់នីឡុងពណ៌ខៀវ មកចងដេកលេងនៅខ្ទមមាត់ទន្លេលោកបំណងស្រូបយកខ្យល់អាកាសនៅមាត់ទន្លេ ដោយគាត់ចងមិនបានពិនិត្យឬសួនាំពីម្ចាស់ផ្ទះជាមុន ហើយក៍មិនបានដឹងថាបង្គោលនោះជាឈើពុកឡើយ ទើបធ្វើឲ្យបាក់ទៅគៀបនិងឃ្នាបខ្ទមកម្ពស់ពីដីប្រហែល៦០សង់ទីម៉ែត្រ ហើយត្រូវបានបង្គោលបាក់ធ្លាក់សង្កត់ពីលើ បណ្ដាលឲ្យស្លាប់តែម្តង។
សមត្ថកិច្ចបានឲ្យដឹងថាក្រោយការពិនិត្យនិងកោសល្យវិច័យរួច សមត្ថកិច្ចក៏បានប្រគល់សាកសព ឲ្យទៅក្រុមគ្រួសារ យកទៅធ្វើបុណ្យទៅតាមប្រពៃណី ក្នុងនោះផងដែរ គេឃើញមានវត្តមានលោកអភិបាលស្រុកសេសាន ក៏បានចូលរួមរំលែកទុក្ទ និងនាំបច្ច័យរបស់ក្រុមការងារស្រុកសេសាន បានប្រគល់ជូនគ្រួសារសពដើម្បីចាត់ចែងក្នុងកម្មវិធីបុណ្យផងដែរ៕ ដោយ៖ អ៊ុល គឹមលាង